ព័ត៌មានជាតិ

ពិពិធកម្មមុខទំនិញ និងទីផ្សារជាអាទិភាព ខ្ពស់របស់កម្ពុជា

ភ្នំពេញ៖ កម្ពុជាកំពុងធ្វើពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារ ក្នុងវិស័យពាណិជ្ជកម្ម ដែលជាយុទ្ធសាស្រ្ត សេដ្ឋកិច្ច។ នេះជាប្រសាសន៍ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃ១៤ សីហា។

លោកថា គោលនយោបាយគឺការបង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញ កម្មន្តសាលដែលមិនមែន ជាវាយនភណ្ឌឲ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ទន្ទឹមការជំរុញការនាំចេញទំនិញ កែច្នៃកសិកម្មឲ្យបាន ១២% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០២៥។

លោក ផៃ ស៊ីផានបន្តថា ជាក់ស្តែង ចំណែកនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានការ ថយចុះជាលំដាប់ពី ៧១,៦% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០១៥ មកត្រឹម ៦៩,២% នៅឆ្នាំ២០១៨។

ដោយឡែក ការនាំចេញសរុប នៅឆ្នាំ២០១៥ ដល់ ១៣,៣% នៅឆ្នាំ២០១៨ គឺសម្រេចបាន ប្រមាណ ៨៨,៦% បើធៀបនឹងគោលដៅឆ្នាំ២០២៥។ ទន្ទឹមការ នាំចេញកសិកផលកែច្នៃ ក៏មានការកើនឡើងពី ៥,៩% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០១៥ ដល់ ៧,០% នៅឆ្នាំ២០១៨ សម្រេចបានប្រមាណ ៥៨,៣% បើធៀបនឹងគោលដៅឆ្នាំ២០២៥។

លោកអ្នកនាំពាក្យសង្កត់ធ្ងន់ថា “ទិន្នន័យទាំងនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាបានកំពុងធ្វើពិពិធកម្មមុខទំនិញ នាំចេញរបស់ខ្លួនជាបន្តបន្ទាប់ និងបន្តជំរុញកំណើននៃការនាំចេញ កសិផលកែច្នៃឲ្យកាន់តែសម្បូរបែប ដោយមិនពឹងផ្អែកតែលើការនាំទំនិញ កម្មន្តសាលផ្នែកសំលៀកបំពាក់ និងស្បែកជើងនោះទេ” ៕

To Top