ស្វាយរៀង ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិការពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ ជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។
អញ្ជើញចូលរួមក្នុងវេទិការនេះមានលោកម៉ែន វិបុលអភិបាលខេត្ត និងលោក លោកស្រីជាអភិបាលរងខេត្ត លោកប្រធានសភាពាណិជ្ចកម្មខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងកសិករគំរូផ្នែកដាំបន្លែ កសិករគំរូផ្នែកចិញ្ចឹមត្រី កសិករគំរូផ្នែកចិញ្ចឹមមាន់។
មានប្រសាសន៍នៅក្នុងវេទិការនេះលោកម៉ែន វិបុល អរអរគុណចំពោះលោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាអញ្ជើញចូលរួមដោយផ្ទាល់នៅក្នុងវេទិកាដ៏មានសារៈសំខាន់នៅខេត្តស្វាយរៀងនាថ្ងៃនេះ ក្នុងនាមអាជ្ញាធរខេត្តសូមសម្ដែងនូវការគាំទ្រចំពោះ ប្រធានបទនៅថ្ងៃនេះ គឺពិតជា សមស្រប និងឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងខេត្ត ដែលមានប្រជាពលរដ្ឋប្រមាណជា ៦១% ប្រកបមុខរបរកសិកម្ម និងជាខេត្តមួយដែលកំពុងមានសក្ដានុពលលើវិស័យកសិ-ឧស្សាហកម្ម ហើយ ប្រធានបទនេះ ក៏ស្របទៅនឹងស្ថានភាពបច្ចុប្បន្នដែលយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងការគិតគូរបង្វែរវិបត្តិកូវីដ១៩ ទៅជាឱកាសក្នុងការបង្កើនសក្ដានុពលផ្នែកកសិកម្ម ។
លោកបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់ យ៉ាងមុតមាំថា តាមរយៈវេទិកាដ៏មានសារៈសំខាន់របស់យើងនាថ្ងៃនេះ ដោយមានការចូលរួមជាវាគិ្មនពីគ្រប់សមាស ភាពពាក់ព័ន្ធទាំងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រួមទាំងអ្នកប្រតិបត្តិផ្ទាល់ វេទិកាទាំងមូលនឹងទទួលបានទាំងចំណេះដឹងលើផ្នែកទ្រឹស្ដី និងបទពិសោធន៍ជោគជ័យដែលកើតចេញពីការអនុវត្តផ្ទាល់ ដើម្បីជាមូលដ្ឋានបំផុសនូវគំនិតក្នុងការចាប់យកឱកាសក្លាយទៅជាសហគ្រិនជោគជ័យទៅថ្ងៃអនាគត ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងសូមគាំទ្រនិងលើកទឹកចិត្តឲ្យយុវជនរបស់យើងទាំងអស់ ក្លាហានតាមរយៈការចាប់ផ្ដើម ក្នុងការចាប់យកឱកាសវិនិយោគ។
លោកហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ដោយមើលឃើញ ពីការអភិវឌ្ឍន៍ សមិទ្ធផល និងសក្ដានុពលនានានៅក្នុងខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្រេចជ្រើសរើសខេត្តស្វាយរៀង គឺជាខេត្តទី១ សម្រាប់ដកពិសោធន៍ក្នុងការរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ «ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម» នាពេលនេះក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗពាក់ព័ន្ធ ទៅលើឱកាសឈានទៅរកភាពជោគជ័យក្នុងអាជីវកម្ម ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទៅដល់យុវជន និងម្ចាស់អាជីវកម្ម ការបំផុសគំនិតក្នុងការចាប់យកឱកាស ដើម្បីបង្កើត អាជីវកម្ម និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្របតាមបរិបថ និងតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់ ។
ទន្ទឹមនោះសូមថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្ត ដែលបានសហការរៀបចំវេទិការនេះឡេីង ដែលបានឆ្លុះបញ្ចាំងអោយឃេីញចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម៕