ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដី សម្រេចដកហូតមុខតំណែង និងផ្ទេរភារកិច្ច ព្រមទាំង ព្រមានទៅលើ មន្ដ្រីនគរបាលមួយក្រុម នៃស្នងការនគរបាលខេត្តព្រៃវែង ពាក់ព័ន្ធករណីល្មើស វិន័យកងកម្លាំងនគរបាលជាតិ នាពេលថ្មីៗនេះ។
យោងតាមសេចក្ដីសម្រេចរបស់ សម្ដេចក្រឡាហោម ស ខេង មានដូចខាងក្រោម ៖
ទី១-ដកហូតមុខតំណែងចំពោះ អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ឲ្យមកជាមន្ដ្រី និងបន្ថយឋានរស័ក្តិ១ថ្នាក់ មកនៅត្រឹមថ្នាក់ មកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ។
ទី២-បានព្រមានលើកទី១ ចំពោះវរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ដោយមូលហេតុ ល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ។
និងទី៣-ផ្ទេរសម្រួលភារកិច្ចឧត្តមសេនី យ៍ត្រី ថោង វណ្ណឌី ពីស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ព្រៃវែង ជាស្នងការរង។
ដោយឡែក សេចក្ដីសម្រេចរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ដកហូតមុខតំណែងអនុសេនីយ៍ឯក ស៊ី បូ ពីនាយផ្នែកស្រាវជ្រាវ និងស៊ើបអង្កេត នៃការិយាល័យប្រឆាំងគ្រឿងញៀន ចំណុះស្នងការដ្ឋាននរបាលខេត្តព្រែវែង ឲ្យមកជាមន្ដ្រី។
បន្ថែមពីនេះ សេចក្ដីសម្រេចក៏បាន វិន័យចំពោះមន្ដ្រីនគរបាល៣រូបទៀត នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមរូបភាព បន្ថយឋានន្ដរស័ក្ដិមួយថ្នាក់ មានឈ្មោះដូចតទៅ៖ អនុសេនីយ៍ឯក ហេង ចាន់រតនា ឲ្យមកជាមន្ដ្រីត្រឹមអនុសេនីយ៍ទោ, អនុសេនីយ៍ឯក សៀក ចាន់ធឿន ជាមន្ដ្រីមកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ និងអនុសេនីយ៍ទោ យុន តារាភ័ស្ដ ជាមន្ដ្រីឲ្យមកនៅត្រឹមអនុសេនីយ៍ត្រី មូលហេតុល្មើសវិន័យ របស់កងកងកម្លាំងនគរបាលជាតិ។
សូមរំលឹកថា ការសម្រេចដកតំណែង និងព្រមានបែបនេះ បន្ទាប់ពីពួកគេ បានចុះបង្ក្រាបគ្រឿងញៀន និងបានប្រើហិង្សា រហូតមានការរិះគន់យ៉ាងខ្លាំង តាមបណ្តាញសង្គម ហ្វេសប៊ុក៕ ដោយ៖ អេង ប៊ូឆេង