ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ចាត់តាំង នាយនគរបាលជាតិ មួយក្រុម ចុះស្រាវជ្រាវទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងធនធានធម្មជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់តាំងនាយនគរបាលជាតិ មួយក្រុម ចុះបំពេញបេសកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រែវែង ស្វាយរៀង ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន ។

យោងតាមលិខិត ចាត់តាំងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «ចាត់តាំង ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ជាប្រធានបេសកម្ម និងអ្នកអមដំណើរចំនួន៤នាក់ ដើម្បីចុះស្រាវជ្រាវរកភស្ដុតាង និងជនល្មើស រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយសហការ ជាមួយអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ»។

នាយឧត្តមសេនីយ៍ នេត សាវឿនបានសំណូមពរដល់អង្គភាព ជំនាញនិងអាជ្ញាធរដែនដី ជាពិសេសស្នងការ នគរបាលរាជធានី ខេត្ត ដែលពាក់ព័ន្ធ ត្រូវជួយសម្រួល និងផ្ដល់កិច្ចសហការ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីឲ្យបេសកកម្មនេះ ទទួលបានជោគជ័យ ៕ ដោយ៖ អេង ប៊ូឆេង

To Top