ព័ត៌មានជាតិ

លោក គៀត ច័ន្ទថារិទ្ធ ជំរុញមន្រ្តីអន្តោប្រវេសន៍ បង្កើនសមត្ថភាព ដើម្បីបម្រើសេវាជូនភ្ញៀវជាតិ-អន្តរជាតិ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ បានជំរុញមន្រ្តីនគរបាល អន្តោប្រវេសន៍ត្រូវបង្កើនសមត្ថភាព និងចំណេះរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក គៀត ច័ន្ទថារិទ្ធ បានណែនាំ ទៅមន្រ្តីនគរបាលអន្តោប្រវេសន៍ បន្តប្រពៃណីធ្វើការងារ ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពគ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបាននូវគោលដៅរួម របស់អគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ក្នុងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។

លោកបានថ្លែងថា «សូមជំរុញមន្រ្តីនគរបាល អន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនសមត្ថភាព និងចំណេះរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក នៅក្នុងអង្គភាពរបស់ខ្លួន»។

ឆ្លៀតឱកាសនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានរំលឹកប្រធានអង្គភាពទាំងអស់ ត្រូវពង្រឹងការ លើកកម្ពស់ ការគោរពវិន័យសេចក្ដីថ្លៃថ្នូររបស់អង្គភាព និងត្រូវជំរុញលើកទឹកចិត្ត មន្ត្រីគ្រប់ៗរូបខិតខំបំពេញ ការងារប្រកបដោយប្រសិទ្ធភាព។

លោកថា ពិសេសពង្រឹងការអនុវត្តគោលការណ៍ លើកទឹកចិត្តដល់មន្ត្រីដែល មានគុណសម្បត្តិឲ្យសាក សមស្នាដៃការងារ និងអនុវត្តវិធានការវិន័យឲ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីប្រព្រឹត្តខុសឆ្គង ជៀសផុតពីការយក សិទ្ធិអំណាច និងបុណ្យស័កិ្ករបស់ខ្លួន ទៅប្រព្រឹត្តិអំពើ ខុសច្បាប់នានាក្នុងសង្គម ៕

ដោយ៖ អេង ប៊ូឆេង

To Top