ព័ត៌មានជាតិ

ចាប់ពីដើមរដូវពងកូន អង្គការ WCS/GPL រកឃើញសំបុកសត្វត្រយ៉ងយក្ស ចំនួន៨សំបុក

ភ្នំពេញ៖ ក្រោមការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង (GPL) នៅពាក់កណ្តាលរដូវពងកូន ក្នុងឆ្នាំនេះ ក្រុមការពារសំបុកសត្វនៃអង្គការ WCS/GPL បានរកឃើញសំបុកសត្វត្រយ៉ងយក្ស ចំនួន ៨សំបុក គិតចាប់ពីដើមរដូវពងកូន កាលពីខែឧសភា កន្លងមក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមការពារសំបុកសត្វស្លាប បានប៉ាន់ប្រមាណថា ចំនួនសំបុកត្រយ៉ងយក្សនេះ នឹងកើនឡើងចាប់ពីពេល នេះរហូតដល់ចុងរដូវពងកូន នាដំណាច់ខែតុលា ខាងមុខ។

អង្គការ WCS រៀបរាប់ថា ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២០ ក្រុមការពារសំបុកបានការពារសំបុកសត្វត្រយ៉ង បានចំនួន៤១៣សំបុក និងបានការពារកូនញាស់ បានចំនួន៦៤៩កូន នៅក្នុងតំបន់ខ្ពង់រាបភាគខាង ជើងនៃប្រទេសកម្ពុជា ដែលគ្របដណ្តប់លើដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលែនព្រហ្ម ទេព ដែនជម្រកសត្វព្រៃ ព្រៃព្រះរកា និងឧទ្យានបេតិកភណ្ឌជាតិភ្នំត្បែង។កាលពីឆ្នាំ ២០១៩ ក្រុមការពារសំបុក បានរកឃើញសំបុក សត្វត្រយ៉ងយក្សចំនួន ២២សំបុក និងបានការពារកូនញាស់ បានចំនួន៣៥កូន។

អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តកម្មវិធី ការពារសំបុកសត្វស្លាប (ដែលជាកម្មវិធីមួយរៀបចំឡើង ដើម្បីទប់ស្កាត់បទល្មើសប្រមូល យកពងនិងកូនសត្វស្លាប) ហើយក្រោមកម្មវិធីនេះ ប្រជាសហគមន៍ដែលរស់នៅ ក្នុងតំបន់ការពារ ចំនួនពីរស្ថិតក្នុង តំបន់ខ្ពង់រាបភាគខាងជើងនេះ នឹងទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្ត តាមលក្ខខណ្ឌព្រមព្រៀងមួយ ប្រសិនបើ ពួកគាត់បានរកឃើញសំបុកសត្វ អង្កេតតាមដាន និងការពារសំបុករហូតដល់ កូនសត្វញាស់ហើរចេញដោយសុវត្ថិភាព។ពីឆ្នាំ ២០០២ ដល់ ២០១៦ សំបុកសត្វចំនួន ៣.៨១៣សំបុក និងកូនញាស់ចំនួន ៦.៨០៦កូន ត្រូវបានការពារនៅទូទាំង តំបន់ខ្ពង់រាបភាគខាងជើងនេះ។

អង្គការ WCS បញ្ជាក់ថា តំបន់ខ្ពង់រាបភាគខាងជើង គឺជាទីជម្រករបស់សត្វស្លាបជិត ៣០០ប្រភេទ ដែលក្នុងនោះរួមមានប្រភេទ សត្វជិតផុតពូជបំផុតចំនួន ៥ប្រភេទ គឺ ត្រយ៉ងយក្ស (ជាបក្សីជាតិតំណាងឲ្យកម្ពុជា) ត្រយងចង្កំកស ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ តំបន់នេះក៏ជាទីជម្រកដ៏សំខាន់ សម្រាប់ការរស់រានរបស់ ប្រភេទសត្វស្លាបទឹកដែលកំពុងរង ការគំរាមកំហែងផងដែរ ដូចជា ទាព្រៃស្លាបស ពពូលទឹក និងក្រៀលក្បាលក្រហម ៕

To Top