ភ្នំពេញ៖ ក្រោយពីដំណើរ បំពេញទស្សនកិច្ចពេញមួយថ្ងៃ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព និងសាមគ្គីភាព ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចប្រធានរដ្ឋសភា ឆ្លៀតពេលអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសព លោក ឡេ ខា ភៀវ អតីតអគ្គលេខាធិការ បក្សកុម្មុនីសវៀតណាម ដែលទទួមរណភាព កាលពីថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពោធ នៅទីក្រុងហាណូយ។
គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទំាងប្រជាជនកម្ពុជា រួមនិងខ្លួនសម្តេចផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ព្រមទំាងគ្រួសារនៃសព។
បន្ទាប់ពីអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសព លោក ឡេ ខា ភៀវ អតីតអគ្គលេខាធិការ បក្សកុម្មុនីសវៀតណាមរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តជួបសវនាការ ជាមួយលោកស្រី ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភាសាធារណរដ្ឋ សង្គមនិយមវៀតណាម ។
រដ្ឋសភាប្រទេសទាំងពីរ បានប្តេជ្ញាបន្ត ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងគំាទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី នៅគ្រប់កាលៈទេសៈ ពិសេស ស្ថានភាពជម្ងឺកូវីដ១៩ ជួយសម្រួល ដល់សកម្មភាពពាណិជ្ជកម្ម តាមព្រំដែនប្រទេសទំាងពីរ ឱ្យកាន់តែសកម្មឡើង។
ក្រៅពីនោះ រដ្ឋសភាទាំងពី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែង របស់សម្តេចពញាចក្រី រដ្ឋាភិបាលប្រទេសទំាងពីរ កម្ពុជា-វៀតណាម ក្នុងការបោះបង្គោលព្រំដែន នាពេលកន្លងមក និងបានគំាទ្រដល់កិច្ចខិតខំប្រឹង ក្នុងការឈានទៅបញ្ចប់បញ្ហាសេសសល់ ប្រមាណ១៦%ទៀត ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ ។
ក្រោយពីបានបញ្ចប់ ដំណើរទស្សនកិច្ចការងារ នៅរសៀលថ្ងៃដដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស៕