ភ្នំពេញ៖ នៅក្នុងឱកាស បំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសវនាការ ជាមួយលោកស្រី ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ បន្ទាប់ពីអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកឡេ ខា ភៀវ អតីតអគ្គលេខាធិការមជ្ឈឹម បក្សកុម្មុនីសវៀតណាមរួចមក។
លោកស្រី ង្វៀន ធី គឹមងិន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចការងារ នៅប្រទេសវៀតណាម នាឱកាសនេះ ។ លោកស្រី បានអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ និងបានជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទំាងសងខាង បន្តសកម្មភាពទប់ស្កាត់ជំងឺនេះ បន្ថែមទៀត។
លោកស្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការបោះបង្គោលព្រំដែន នាពេលកន្លងមក និងបានគំាទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការឈានទៅ បញ្ចប់បញ្ហាសេសសល់ ប្រមាណ១៦%ទៀត ដើម្បីឲ្យក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍។ ប្រធានរដ្ឋសភាវៀតណាម បានជំរុញដល់ សកម្មភាពពាណិជ្ជកម្ម នៅតាមព្រំដែនប្រទេសទំាងពីរ ឲ្យកាន់តែសកម្មឡើង។
ជាមួយគ្នានេះ ប្រធានរដ្ឋសភាប្រទេសទាំងពីរ បានប្តេជ្ញាពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងគំាទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសាទរដែលវៀតណាម បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន តាមរយៈវីដេអូ ប្រកបដោយជោគជ័យ បើទោះបីសកលលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី។ ជាមួយគ្នានេះ សម្តេចមានសង្ឃឹមមុតមំាថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ដែលរដ្ឋសភាវៀតណាម ធ្វើជាម្ចាស់ផ្ទះ ដោយរៀបចំ តាមរយៈវីដេអូ នាដើមខែកញ្ញាក្រោយនេះ ក៏ទទួលបានជោគជ័យបន្តទៀត ហើយរដ្ឋសភាកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីរួមសហការគាំទ្រ ដល់មហាសន្និបាតនោះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណជាថ្មី ចំពោះវៀតណាម ដែលបានផ្តល់ជំនួយ ២៥លាន ដុល្លារអាមេរិក សម្រាប់កសាងអាគាររដ្ឋបាលរដ្ឋសភា។
សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជានឹងប្រើប្រាស់ថវិកាសាងសង់នោះ ប្រកបដោយតម្លាភាពជាទីបំផុត ហើយថាសំណង់ជំនួយដ៏ថ្លៃថ្លានេះ នឹងលេចជារូបរាង ក្នុងពេលឆាប់ៗនេះ។
លោកស្រី ង្វៀន ធី គឹមងិន បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ភាគីវៀតណាម បានត្រៀមបញ្ចប់ថវិកា ក្នុងការផ្តល់ជំនួយសាងសង់អគាររដ្ឋបាល ដល់រដ្ឋសភាកម្ពុជានេះជាស្រេច ដោយរងចាំភាគីកម្ពុជា បញ្ជាក់អំពីការបំពេញលក្ខខណ្ឌ ចូលជាធរមាននៃកិច្ចព្រមព្រៀងតែ ប៉ុណ្ណោះ។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍លើកឡើងថា កូវីដ ១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងសុខមាលភាព ជាពិសេសវា បានសម្លាប់អាយុជីវិតប្រជាជន យ៉ាងច្រើននៅជុំវិញពិភពលោក។ ការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ គឺជាបញ្ហារួមរបស់ពិភពលោក។ កម្ពុជានិងវៀតណាម បានសហការគ្នាយ៉ាងជិតស្និទ្ធ ឆ្លើយតបការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩នេះ។
ក្រោយពីបានបញ្ចប់ ដំណើរទស្សនកិច្ចការងារ នៅរសៀលថ្ងៃដដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរនិវត្តន៍ មកកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស៕