ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» តម្លៃជាង ៤៤លានដុល្លារ របស់ឧកញ៉ា លី យ៉ុងផាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញទស្សនកិច្ច និងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សួនទឹក «ហ្គាឌិនស៊ីធី» គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយ ភាគខាងជើង ឈាងខាងកើត រាជធានីភ្នំពេញ។ សួនទឹក «ហ្គាឌិនស៊ីធី» ត្រូវបានបោះទុនវិនិយោគ សរុបជាង ៤៤លានដុល្លារអាមេរិក។ សួនទឹកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ៨ហិកតា ដោយចាប់ផ្តើមដំណើរ ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ ទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២០។

សួនទឹកហ្គាឌិនស៊ីធី មានឧបករណ៍សម្រាប់លេងកម្សាន្តទាំងអស់ចំនួន៣៨ ដែលទាន់សម័យ និងមានគុណភាពល្អ ដោយបាននាំចូលពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ឧបករណ៍លេងកម្សាន្តទាំងនេះ ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យទាំងវ័យកុមារ ជំទង់ យុវវ័យ និងវ័យចំណាស់ផងដែរ៕

To Top