ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២០នេះបានបន្តអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋឲ្យការពារ ខ្លួនជំងឺកូវីដ១៩និងគោរពច្បាប់ចរាចរណ៍ក្នុងអំឡុងពេលឈប់សម្រាក៥ថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា”រីករាយថ្ងៃឈប់សម្រាក ១៧- ២១! សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាង ការឆ្លងជំងឺកូវីដ១៩សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ចៀសវាងធ្វើដំណើរជាមួយអ្នកមាន អាការៈក្តៅខ្លួន និងផ្លូវដង្ហើម…។ល។ និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល”។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបន្ថែមថា”ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់អោយគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ចៀសវាងកុំអោយមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក។ សូមអាជ្ញាធរមាន សមត្ថកិច្ចយកចិត្តទុកដាក់ការពារ សុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អោយបានល្អនៅក្នុង ថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០ នេះ”៕

