ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ « អង្គការខុមហ្វ្រែល អស់លក្ខណ៍ហើយ! »

ពិតដូចការទាយទុកមែន ! អង្គការ បម្រើបរទេសនិង បំផ្លាញជាតិឯងដូច ខុមហ្វ្រែល (Comfrel) មិនដែលហ៊ាន ចេញផ្សាយរបាយការណ៍ ស្ទង់មតិណាមួយដែល លទ្ធផលមិនស្រប តាមគោលបំណង ដែលចៅហ្វាយនាយរបស់ខ្លួន ចង់បាននោះឡើយ។ នៅទីបំផុត អង្គការនេះ បានអះអាងថា ការស្ទង់មតិនោះ គ្រាន់តែជាការបញ្ចេញមតិ របស់សាធារណជនប៉ុណ្ណោះ ដែល ពួកគេមិនយកមកធ្វើជា របាយការណ៍ឡើយ។

សូមបញ្ជាក់ថា អង្គការ Comfrel បានបើកការស្ទង់មតិមួយតាមរយៈ បណ្តាញសង្គមរបស់ខ្លួន ដើម្បីចង់ដឹងថា តើការចាប់ខ្លួនលោក រ៉ុង ឈុន ជាការរំលោទសិទ្ធិឬមិនមែន ជាការរំលោភសិទ្ធិមនុស្សទេ? រហូតមកដល់ថ្ងៃបិទការស្ទង់មតិនេះ លទ្ធផលបាន បង្ហាញថា ៧៩% នៃអ្នកចូលទៅឆ្លើយសំណួរ បានអះអាងថា ចំណាត់ការរបស់រដ្ឋាភិបាលទៅ លើរ៉ុង ឈុន ជារឿងត្រឹមត្រូវ ដែលមិនមែនជារឿងរំលោភ សិទ្ធិមនុស្សឡើយ ខណៈដែល មានមតិត្រឹមតែ ២១% ប៉ុណ្ណោះដែលអះអាងថា ការចាប់ខ្លួននេះ ជាការរំលោភសិទ្ធិមនុស្ស។

គ្រាន់តែឃើញលទ្ធផលបែបនេះ ភ្លាម នរណាៗ ក៏អាចដឹងបានរួច ជាស្រេចថា អង្គការនេះនឹងផ្អឹបលទ្ធផលនេះ ទុកមិនយកមកផ្សាយឡើយ ដោយសារតែជា លទ្ធផលដែលមិនបានបំពេញ តាមបំណងចង់បានរបស់ខ្លួន និងចៅហ្វាយរបស់ខ្លួនឡើយ។ គេបានដឹងច្បាស់ថា គោលបំណងនៃការស្ទង់មតិនេះគឺ Comfrel ចង់បានលទ្ធផលអវិជ្ជមាន អំពីករណីចាប់ខ្លួន រ៉ុង ឈុន ពោលគឺពួកគេ ចង់បានលទ្ធផលមួយ ដែលបង្ហាញថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់ មិនសប្បាយចិត្ត ចំពោះការចាប់ខ្លួននេះ ដោយចាត់ទុកការចាប់ខ្លួនរ៉ុង ឈុន គឺជាការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ ផ្ទុយពីនេះស្រឡះ ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ដែលបាន ចូលរួមក្នុងការធ្វើប្រជាមតិនេះ បានបញ្ចេញទស្សនៈគាំទ្រ ចំណាត់ការរបស់រដ្ឋាភិបាលទៅវិញ។

ល្បិចទុច្ចរិតរបស់អង្គការ Comfrel មិនខុសអ្វីពីវិទ្យុអាស៊ីសេរីឡើយ។ វិទ្យុនេះ ធ្លាប់បានធ្វើការស្ទង់មតិ តាមបណ្តាញសង្គមរបស់ខ្លួនម្តងដែរ អំពីភាពស្របច្បាប់របស់រាជរដ្ឋាភិបាល នៅក្រោយការបោះឆ្នោតឆ្នាំ ២០១៨។ លទ្ធផលពេលនោះបាន បង្ហាញថា ពលរដ្ឋខ្មែរ ភាគច្រើនលើសលប់អះអាងថា គឺជា រដ្ឋាភិបាលស្របច្បាប់។ ដោយសារលទ្ធផលនេះ មិនស្របតាមអ្វីដែលខ្លួនរំពឹងទុក វិទ្យុអាស៊ីសេរី ក៏ផ្អឹបចោលទាំងស្រុង លទ្ធផលស្ទង់មតិនេះ។ នេះហើយចរិតពិត របស់អង្គការសង្គមស៊ីវិល និងសារព័ត៌មាន ដែលអួតក្តែងៗថា «ឯករាជ្យ»។

ជារឿយៗ អង្គការ ឬបណ្តាញសារព័ត៌មានបម្រើបរទេស ទាំងនេះតែងតែចេញ របាយការណ៍នេះ របាយការណ៍ នោះដែលបង្ហាញថា រដ្ឋាភិបាលដឹកនាំមិនល្អ ពលរដ្ឋមិនសប្បាយចិត្ត ហើយក៏នាំគ្នាផ្សាយព្រោងព្រាត។ ប៉ុន្តែ គេមិនដែលដឹងថា តើ អង្គការទាំងនោះបានប្រភព ព័ត៌មានមកពីណានោះទេ? ជាទូទៅ ពួគគេច្រើនតែអះអាងជារួមៗថា បានធ្វើប្រជាមតិជាមួយប្រជាពលរដ្ឋ ឬកម្មករ កម្មការិនី ចំនួនប៉ុន្មាននាក់ តាមដែលគេចង់ដាក់ ប៉ុន្តែ ពួកគេ មិនដែលបង្ហាញភស្តុតាងជាក់ស្តែង អំពីអ្នកដែលពួកគេ បានសាកសួរនោះឡើយ ពោលគឺតួលេខ ដែលពួកគេយកមកប្រើ គឺជាការបន្លំភ្នែកទាំងស្រុង ពីព្រោះវាជាតួលេខ ដែលមិនអាចផ្ទៀងផ្ទាត់បាន។ បើមិនដូច្នេះទេ ពួកគេជ្រើសរើសមនុស្ស ដែលស្ថិតក្នុងក្រុមប្រឆាំងដូចគ្នា ឲ្យមកឆ្លើយដើម្បីស្រង់យកចម្លើយ ដែលខ្លួនចង់បាន។

ជាក់ស្តែង ថ្មីៗនេះ អង្គការលីកាដូ បានចេញរបាយការណ៍ស្តីពី បំណុលដោយសម្ភាសន៍តែ កម្មករ កម្មការិនីប៉ុន្មានសិបនាក់ ហើយមិនដឹងថាជាអ្នកណា ពិតប្រាកដផង ក៏យកលទ្ធផល នោះមកផ្សាយព្រោងព្រាត ដើម្បីបំពុលសង្គម។ ហើយបណ្តាញផ្សាយព័ត៌មាន ដែលជាដៃជើង របស់ខ្លួនក៏យករបាយការណ៍ នោះទៅបំពងសំឡេងយ៉ាងអឺងកង។ ប៉ុន្តែ ដល់ពេលអង្គការ Comfrel ស្ទង់មតិដែលមាន មនុស្សដល់ទៅជាង ១៣០០០ នាក់ចូលរួម បែរជាអះអាងថា គ្រាន់តែជាការបញ្ចេញមតិធម្មតា ទៅវិញ???

ជាការពិតណាស់ ក្រុមនេះគឺជា ប្រភេទក្រុមមនុស្សសង្គមងងឹត ដែលគេបង្កើតឡើង ក្នុងគោលបំណងបំពុលសង្គម ដើម្បីផ្តួលរំលំរដ្ឋាភិបាលតែប៉ុណ្ណោះ។ ក្រុមនេះយកតែរបាយការណ៍ពី ប្រភពងងឹត មកបំភាន់ភ្នែកប្រជាពលរដ្ឋ ដើម្បីញុះញង់ឲ្យពលរដ្ឋ ខឹងសម្បារដ្ឋាភិបាល។

នរណាក៏ដឹងដែរថា អង្គការ Comfrel ដឹកនាំដោយ គល់ បញ្ញា គឺជាស្ថាប័ន ស្ថិតនៅក្រោមរចនាសម្ព័ន្ធ របស់ក្រុមប្រឆាំងដែលបង្កប់ខ្លួន ក្នុងអង្គការសង្គម ស៊ីវិល។ កន្លងទៅ អង្គការនេះ តែងបង្ករព្យុះភ្លៀង រឿងបោះឆ្នោតនៅកម្ពុជាឥតឈប់ឈរ ដើម្បីបង្ខូចបង្កាច់ លទ្ធផលបោះឆ្នោត នៅពេលដែលក្រុមប្រឆាំងចាញ់។ គេនៅចាំបានថា គឺ Comfrel នេះហើយ ដែលប្រឌិតរឿងទឹកខ្មៅ ជ្រលក់ម្រាមដៃលាងជ្រះ ហើយគឺ Comfrel ដដែលនេះហើយ ដែលបានបង្កើត បន្ទប់ស្ថានការណ៍បោះឆ្នោត នៅក្រោយពេលក្រុមប្រឆាំងចាញ់ឆ្នោត ដើម្បីធ្វើវិទ្ធង្សនានយោបាយ ក្នុងប្រទេស។

ក្រោយពេលអាជ្ញាធរបកស្បែក មុខ មេដឹកនាំអង្គការនេះ ឈ្មោះ គល់ បញ្ញា ក៏រត់ទៅក្រៅប្រទេស ហើយតាំងពីពេលនោះមក Comfrel ក៍លែងជាអង្គការ ដែលធ្វើការរឿងបោះឆ្នោតទៀតហើយ តែបានក្លាយជា ស្ថាប័នពហុជំនាញខាងប្រឆាំង និងញុះញង់គ្រប់បញ្ហា។

ជារួម ការមិនយកលទ្ធផលដែល មានអ្នកចូលរួមរាប់ម៉ឺននាក់ ទៅផ្សព្វផ្សាយ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញថា អង្គការនេះ មិនបានគោរពឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយវាក៏កាន់តែ ធ្វើឲ្យមហាជនខ្មែរ បានមើលឃើញ កាន់តែច្បាស់អំពីចរិតពិសពុល របស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ ក៏ដូចជាអង្គការដែលជាគូកន មួយចំនួនទៀតដែលគ្រាន់តែ យកឈ្មោះអង្គការសង្គមស៊ីវិល មកបិទបាំង ដើម្បីបំរើមហិច្ឆតានយោបាយ របស់ក្រុមប្រឆាំង និងបម្រើឲ្យភូមិសាស្ត្រនយោបាយ របស់ចៅហ្វាយនាយបរទេស ដែលបានបង្កើត និងចិញ្ជឹមពួកខ្លួនតែប៉ុណ្ណោះ។

ទោះបីជា Comfrel មិនផ្សាយរបាយការណ៍នោះក៏ដោយ ក៏ប៉ុន្តែមហាជនទូទៅ បានដឹងនិងបានឃើញលទ្ធផលនេះរួចអស់ ទៅហើយ។ ទង្វើរបស់ Comfrel បែបនេះ ក៏ជាទឡ្ហីករណ៍មួយទៀតដែល បញ្ជាក់ថា ចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលទៅលើ បុគ្គលទុច្ចរិតមួយចំនួន ដែលជ្រកក្រោមស្លាកសង្គមស៊ីវិលឬសារព័ត៌មាន គឺជារឿងត្រឹមត្រូវ ដូចជាករណី រ៉ុង ឈុន នេះជាដើម។ លទ្ធផលនៃការស្ទង់មតិនេះ ក៏ជាកញ្ចក់ឆ្លុះបញ្ចាំង អោយពលរដ្ឋខ្មែរ បានស្គាល់មុខមាត់ និងក្រយ៉ៅពិតប្រាកដ របស់អង្គការសង្គមស៊ីវិល មួយចំនួនដែលតាំងខ្លួនថា«ឯករាជ្យ»។

ម៉្យាងវិញទៀត លទ្ធផលស្ទង់មតិនេះ ក៏ជាសារមួយយ៉ាងច្បាស់ លាស់ថា ពីពេលនេះតទៅ ពលរដ្ឋខ្មែរ កាន់តែមានជំនឿចិត្ត ទៅលើរដ្ឋាភិបាល និងចេះបែងចែករវាងអំពើល្អ និងអំពើអាក្រក់ ដោយមិនចាញ់បោកគេងាយៗ ដូចមុនៗទៀតឡើយ។

សារចុងក្រោយ ដ៏ច្បាស់លាស់បំផុតមួយទៀតគឺ «អង្គការ Comfrel អស់លក្ខណ៍ ត្រឹមមិនព្រមយកលទ្ធផលស្ទង់មតិនេះ មកធ្វើជារបាយការណ៍ របស់ខ្លួនឡើយ»។
ដោយ : អ្នកនយោបាយតុកាហ្វេ

To Top