ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវ ឲ្យ សមត្ថកិច្ចយកចិត្ត ទុកដាក់ការពារសុវត្ថិភាព ជូនពលរដ្ឋ ក្នុងឱកាសថ្ងៃឈប់សម្រាក៥ថ្ងៃ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ ការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យបានល្អ នៅក្នុងថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី ១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២០ថា រីករាយថ្ងៃឈប់សម្រាកថ្ងៃទី ១៧- ២១
សូមថែរក្សាសុវត្ថិភាព សុខភាព ចៀសវាងការឆ្លងជំងឺកូវីដ១៩។

សម្ដេចតេជោ បន្ដថា សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃ ឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ចៀសវាងធ្វើដំណើរ ជាមួយអ្នកមានអាការៈក្តៅខ្លួន និងផ្លូវដង្ហើម និង ស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល។

សម្ដេចតេជោ បន្ថែម ថា ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់អោយគ្នាទៅវិញទៅមក ហើយគោរពច្បាប់ ចរាចរទាំងអស់គ្នា ចៀសវាងកុំអោយមានការសោកស្តាយ នៅក្នុងថ្ងៃឈប់សម្រាក។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សូមអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ ការពារសុខសុវត្ថិភាពជូនបងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអោយ បានល្អនៅក្នុងថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០ នេះ” ៕

ដោយ អេង ប៊ូឆេង

To Top