ភ្នំពេញ៖ មួយរយៈកាលចុងក្រោយនេះ មានជនក្រុម បានចាប់ផ្តើមពុះឡូតិ៍ដីចំការ ដែលមិនមានបណ្ណកម្មសិទ្ធ នៅខេត្តខេត្តមួយចំនួន ដោយប្រើភ្នាក់ងារលក់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និងតម្រូវឱ្យអ្នកទិញ បង់រំលស់ក្នុងតម្លៃថោកៗ ហេីយសន្យាថា នឹងមានប្លង់រឹង រឺប័ណ្ណកម្មសិទ្ធ ពេលបង់ប្រាក់គ្រប់ចំនួន ក្នុងរយ:ពេល ២ រឺ ៣ ឆ្នាំ។
អ្នកជំនាញវិស័យអចលនទ្រព្យមួយរូប បានលើកឡើងថា មួយរយៈនេះ ឃើញថា មានជនខិលខូច តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ប្រកាសលក់ដីឡូតិ៍ចំការថោកៗ បើទោះជាមិនទាន់មានបណ្ណកម្មសិទ្ធិនោះទេ ជាក់ស្តែងជួនកាលកក់លុយពីប្រជាជន ក្នុងចំនួនតិចតួច ហើយគ្រាន់តែបង្ហាញលិខិតទទួលស្គាល់ត្រឹមភូមិ ឃុំ និងមិនទាន់បង់ពន្ធជូនរដ្ឋសម្រាប់ធ្វើបណ្ណកម្មសិទ្ធត្រឹមត្រូវស្របច្បាប់ ប៉ុន្តែបែរជាហ៊ានប្រកាសលក់ប្រមូលលុយ។
អ្នកជំនាញរូបនោះ បន្ថែមតៀតថា ចុងក្រោយ គេក៏បានប្រើប្រាស់ទីភ្នាក់ងារអចលនទ្រព្យ ដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវ។ ហើយកិច្ចសន្យាទិញលក់ទៀតសោត ក៏មិនមានមេធាវី ទទួលស្គាល់ត្រឹមត្រូវដែរ។
អ្នកជំនាញដដែលយល់ឃើញថា ទង្វើទំាងនោះ គឺជាទង្វើមិនគប្បី នាំឱ្យអន្តរាយដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយចុងក្រោយនាំទៅដល់ការតវ៉ា និងធ្វើឱ្យថ្នាក់នាំជាតិ ឈឺក្បាល ដោយសារតែទង្វើរបស់ក្រុមជនខិលខូចទាំងនោះ។
អ្នកជំនាញរូបនោះ សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងចូលរួមតាមដាន និងចាត់វិធានការតាមផ្លូវច្បាប់ ជាបន្តទៀត៕