ព័ត៌មានជាតិ

សម្ដេច ស ខេង៖ ការកសាងសង្គមយុត្តិធម៌ មិនមែនសំដៅតែ លើប្រព័ន្ធតុលាការទេ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការកសាងសង្គមមួយមានយុត្តិធម៌ តាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម គឺជាភារកិច្ចដ៏សំខាន់សម្រាប់ដោះស្រាយ ដោយមិនមែនសំដៅតែ លើតុលាការកាត់ក្តីនោះទេ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានដែកបាឡេ និងអាគារសិក្សាចំនួន២ខ្នង នៅស្រុកបាណន់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០សម្តេចមានប្រសាសន៍ថា «បើប្រជាជនគាត់អត់ឃ្លាន យើងមិនដោះស្រាយ ប្រជាជនអត់បាយ ចេះតែអត់បាយទៅ អាហ្នឹងគេហៅថា សង្គមអយុត្តិធម៌ ។ ការកសាងសង្គមយុត្តិធម៌ មិនមែនសំដៅតែលើតុលាការកាត់ក្តីនោះទេ តុលាការកាត់ក្ដីគ្រាន់តែជាមួយផ្នែក»។

សម្ដេច ក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋានមុននឹងធ្វើអ្វីមួយ ត្រូវគិតគូរផលប្រយោជន៍ប្រជាជនជាធំ ត្រូវដោះស្រាយរាល់គ្រប់បញ្ហាជូនប្រជាពលរដ្ឋ ប្រកប ដោយភាពយុត្តិធម៌ ដើម្បីភាពសុខសប្បាយក្នុង សង្គម ដោយមិនត្រូវគិតតែ ផលប្រយោជន៍គ្រួសារ បក្ខពួករបស់ខ្លួនជាធំឡើយ។

សម្ដេចបន្ដរៀបរាប់ថា ការកសាងសង្គមមួយដែលមាន យុត្តិធម៌តាំងពីលើដល់ក្រោម គឺជាភារកិច្ចដ៏សំខាន់ ហើយត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ធ្វើសកម្មភាពអ្វីដែលមាន ផលប្រយោជន៍ដល់ ប្រជាពលរដ្ឋ មិនត្រូវរំលោភបំពានទៅលើសិទ្ធិ និងផលប្រយោជន៍របស់ពួកគាត់ឡើយ៕ ដោយ អេង ប៊ូឆេង

To Top