ព័ត៌មានជាតិ

វិភាគ ៖ ចម្លែកដែរ ! កូរ៉េខាងជើង គ្មានប្រតិកម្មតប នឹងសមយុទ្ធយោធា របស់អាមេរិក និងកូរ៉េខាងត្បូងទេ

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ Politico បានចុះផ្សាយថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះ គឺជាថ្ងៃទី៣ហើយ ដែលកងកម្លាំងយោធា របស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបើកធ្វើសមយុទ្ធយោធារួមគ្នា ទៅតាមការគ្រោងទុក ។

តាមការគ្រោងទុក សមយុទ្ធយោធារួមគ្នា រវាងកងកម្លាំងយោធា នៃប្រទេសទាំងពីរ ត្រូវធ្វើឡើងចាប់តាំងពីថ្ងៃអាទិត្យ ទី១៦ ខែសីហាដដែលនេះ ប៉ុន្តែត្រូវចាប់ផ្តើមនៅថ្ងៃអង្គារវិញ ដោយសារករណីឆ្លងរាលដាល ប្រចាំថ្ងៃ នៃវីរុសCovid-19 បានហក់ឡើងខ្ពស់ ។

សមយុទ្ធយោធានេះ នឹងត្រូវបញ្ចប់រហូតដល់ថ្ងៃទី២៨ ខែសីហាដដែលនេះ ទៅតាមផែនការ ដែលបានគ្រោងទុក ដោយមិនមានការប្រែប្រួលទេ ទោះបីជាមានភាពតានតឹង ជាមួយកូរ៉េខាងជើង និងមានការឆ្លងរាលដាល វីរុសCovid-19 នៅកូរ៉េខាងត្បូងក៏ដោយ ។

សមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនេះ ត្រូវបានធ្វើឡើងក្នុងបររិបទ នៃភាពតានតឹង២យ៉ាង គឺទី១ភាពតានតឹង ខាងនយោបាយ ការទូត និងយោធារវាងកូរ៉េខាងជើង និងខាងត្បូង ក្រោយពីកូរ៉េខាងជើង ប្រកាសកាត់ផ្តាច់ទំនាក់ទំនងកូរ៉េទាំងពីរ ។

ភាពតានតឹងទី២ គឺការឆ្លងរាលដាលវីរុសCovid-19ប្រចាំថ្ងៃ នៅកូរ៉េខាងត្បូង ដែលកំពុងហក់ឡើងខ្ពស់ គួរអោយព្រួយបារម្ភ រហូតដល់ជាង២០០ករណីក្នុងមួយថ្ងៃ ដោយសារការផ្ទុះឡើងក្នុងសហគមន៍ ជាពិសេសគឺពាក់ព័ន្ធពិធីសាសនា និងក្លឹបរាត្រី ។

ក្នុងបរិបទទី១គេកត់សម្គាល់ឃើញថា វាជារឿងចម្លែកមួយ ដែលកូរ៉េខាងជើងមិនមានប្រតិកម្មអ្វីសោះទៅនឹងសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក ទាំងខាងពាក្យសម្តី និងទាំងខាងសកម្មភាពនយោបាយនានា រួមទាំងសកម្មភាពយោធាផងដែរ ។

ជាទម្លាប់ កូរ៉េខាងជើងមិនដែលនៅស្ងៀមទេ ខណៈដែលកូរ៉េខាងត្បូង និងអាមេរិកធ្វើ សមយុទ្ធយោធាជារៀងរាល់ឆ្នាំ ដោយកូរ៉េខាងជើង តែងតែបង្ហាញប្រតិកម្ម តាមរយៈការបាញ់សាកល្បងសព្វាវុធ ឬយ៉ាងហោចណាស់ ក៏ប្រើពាក្យសម្តីគម្រាមដែរ ។

ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃទី៣ហើយ នៃសមយុទ្ធយោធាកូរ៉េខាងត្បូង និងអាមេរិក ហើយកូរ៉េខាងជើង បែរជានៅស្ងៀមមិនមានប្រតិកម្មអ្វីសោះ ហើយបើតាមភ្នាក់ងារ ឃ្លាំមើលកូរ៉េខាងជើង បាននិយាយថា សូម្បីសកម្មភាពយោធា ក៏មិនមានអ្វីប្លែកដែរ ។

សូមរំលឹកជូនថា ពីថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០នេះ ភាពតានតឹងរវាងកូរ៉េខាងជើង និងខាងត្បូងបានកើតឡើងសាជាថ្មីម្តងទៀតហើយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគំរាមធ្វើអោយកូរ៉េខាងត្បូង ឈឺចាប់មិនធ្លាប់ជួបប្រទះ ។

កូរ៉េខាងជើង ក៏បានគំរាមផងដែរ ក្នុងការបិទការិយាល័យទំនាក់ទំនង ជាមួយកូរ៉េខាងត្បូងជាអចិន្ត្រៃយ៍ ដែលជាការិយាល័យកើតចេញ ពីកិច្ចខិតខំប្រឹងប្រែង រវាងមេដឹកនាំនៃកូរ៉េទាំងពីរ ប្រសិនបើកូរ៉េខាងត្បូង មិនដោះស្រាយតាមការចង់ បានរបស់កូរ៉េខាងជើង ។

ដំណោះស្រាយដែលកូរ៉េខាងជើង ចង់បាននោះគឺ ក្រុមសកម្មជននៅកូរ៉េខាងត្បូង ត្រូវបញ្ឈប់ជាបន្ទាន់ នូវការចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង នៅតាមព្រំដែនកូរ៉េទាំងពីរ បើមិនឈប់ទេស កូរ៉េខាងជើងនឹងបិទការិយាល័យ ទំនាក់ទំនងរវាងកូរ៉េទាំងពីរ ។

នៅទីបំផុត កូរ៉េខាងជើងក៏បានកាត់ផ្តាច់ ទំនាក់ទំនងគ្រប់យ៉ាងជាមួយកូរ៉េខាងត្បូង មែនទៅតាមអ្វីដែលខ្លួនបានព្រមាន ហើយលោកស្រី គីម យ៉ូចុង ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បានព្រមានបញ្ចប់កិច្ចព្រមព្រៀង យោធាជាមួយកូរ៉េខាងត្បូង ។

សូមបញ្ជាក់ជូនថា ការិយាល័យទំនាក់ទំនង និងកិច្ចព្រមព្រៀងយោធា រវាងកូរ៉េទាំងពីរ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៨កន្លងទៅ ដែលត្រូវបានចុះហត្ថលេខា ដោយលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង និងលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ។

ការិយាល័យទំនាក់ទំនង និងកិច្ចព្រមព្រៀងយោធា រវាងកូរ៉េទាំងពីរត្រូវបានធ្វើឡើង ក្នុងបំណងកាត់បន្ថយ ភាពតានតឹង នៅឧបទ្វីបកូរ៉េ ដោយកូរ៉េទាំងពីរ បានកាត់បន្ថយប៉ុស្តយាម នៅតាមព្រំដែន រួមទាំងកាត់បន្ថយចំនួនយោធា នៅតាមព្រំដែនទៀតផង ។

ដើមចមនាំអោយកើតរឿង

មូលហេតុដែលនាំអោយកើតរឿង គឺដោយសារកូរ៉េទាំងពីមិនទាន់ មានសន្ធិសញ្ញាបញ្ចប់សង្គ្រាម ជាមួយគ្នានៅឡើយទេ ដែលកូរ៉េទាំងពីរមានត្រឹម តែបទឈប់បាញ់ប៉ុណ្ណោះ ហើយបើតាមភាសាបច្ចេកទេស គឺកូរ៉េទាំងពីរនៅមានសង្គ្រាម ជាមួយគ្នានៅឡើយ ។

កូរ៉េខាងជើង និងខាងត្បូង មានសង្គ្រាមកាប់សម្លាប់គ្នា យ៉ាងក្តៅគគុក ចាប់តាំងពីឆ្នាំ១៩៥០រហូតដល់ឆ្នាំ១៩៥៣ ហើយសង្គ្រាមនោះបានស្ងប់ស្ងាត់ ទៅដោយកូរ៉េទាំងពីរ បានត្រឹមតែចុះហត្ថលេខា លើបទឈប់បាញ់ ។

មូលហេតុនេះហើយ បានជាកូរ៉េបងប្អូនបង្កើត និងជាគូសត្រូវទាំងពីរនៅតែបង្កភាពតានតឹង ជាមួយគ្នា គម្រាមកំហែងគ្នា និងប្រឈមមុខដាក់គ្នាខាងយោធា នៅតាមតំបន់ព្រំដែននៅពេលបច្ចុប្បន្ននេះ ដែលនៅមើលមុខគ្នាមិនចំនៅឡើយ ។

សន្និដ្ឋាន៖ តើកូរ៉េខាងជើងអាចនឹង ប្រតិកម្មតបកូរ៉េខាងត្បូងទេ ?

កូរ៉េខាងជើង ទំនងជាមិនបង្ហាញប្រតិកម្ម តបទៅនឹងសមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះទេ ដោយសារតែមេដឹកនាំកំពូលកូរ៉េខាងជើង ហាក់ដូចជាកំពុងប្រែប្រួលជំហរ ពីក្តៅមកជាត្រជាក់វិញ ។

កូរ៉េខាងជើងប្រើធម៌ក្តៅច្រើនឆ្នាំហើយ ក្នុងការប្រតិកម្មតបទៅនឹងកូរ៉េខាងត្បូង ស្ទើរគ្រប់សកម្មភាពនយោបាយ ប៉ុន្តែកូរ៉េខាងជើងហាក់ដូចជាមិនទទួលបានផលអ្វីទេ ក្រៅតែពីបង្កអោយមានភាពតានតឹង រវាងប្រទេសទាំងពីរ ។

ការផ្លាស់ប្តូរជំហរនេះហើយ បានជាកូរ៉េខាងជើងមិនប្រតិកម្មតប ទៅនឹងសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប៉ុន្តែជំហររបស់កូរ៉េខាងជើង អាចនឹងប្រែប្រួលវិញនៅពេលខាងមុខ ប្រសិនបើកូរ៉េខាងត្បូង និងអាមេរិក បំពានកូរ៉េខាងជើង ដោយសកម្មភាពណាមួយ ៕

ដោយ ៖ អ៊ី ជិន

To Top