ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញសារ របស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន ផ្ញើជូនប្រជាជនកម្ពុជា ក្នុងដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជានៅថ្ងៃនេះ ។ ខាងក្រោម នេះ ជាសារទាំងស្រុង របស់លោករដ្ឋមន្រ្តី ការបរទសជប៉ុន៖
ជំរាបសួរប្រជាជនកម្ពុជា ជាទីរាប់អាន!
ថ្ងៃនេះខ្ញុំបានមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា ជាលើកដំបូង ក្រោយពីខ្ញុំបានទទួលដំណែង ជារដ្ឋមន្រ្តីក្រសួងការ បរទេសជប៉ុន ។ កន្លងមកនេះ ខ្ញុំធ្លាប់បានមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា ប៉ុន្មានលើករួចមកហើយ ហើយអ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំ មិនអាចបំភ្លេចបាននោះ គឺសម្រស់ថ្ងៃលិចមើល ពីប្រាសាទអង្គរវត្ត។ កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ខ្ញុំបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាមួយនាយកប្រតិបត្តិ នៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរ សេដ្ឋកិច្ចផងដែរ ។
ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុន បានរួមដំណើរជួយគាំទ្រ ដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញ ក៏ដូចជាការអភិវឌ្ឍ ជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព នៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម ។ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុន នៅកម្ពុជាបានកើនឡើង២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។ ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន២.៣ដង (ពី១០០លានដុល្លារអាមេរិករហូត ដល់២៣០លានដុល្លារអាមេរិក) ។ ប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។ ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាល នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគី មានភាពកាន់តែស៊ីជម្រៅថែមទៀត។
សហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការរីករាលដាល នៃជម្ងឺកូវីដ១៩នៅទូទាំងពិភពលោក ។ ខ្ញុំសូមកោតសរសើរ ដល់ប្រទេសកម្ពុជា ដែលកំពុងគ្រប់គ្រង បាននូវការឆ្លងរាលដាលនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកិច្ចសហការរបស់ប្រជាជន។
ប្រទេសជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិ ជួយដល់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩ ។ ចំពោះប្រទេសកម្ពុជា ប្រទេសជប៉ុន កំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម)នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗ ក្នុងទឹកប្រាក់ប្រមាណ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ ។ ចំណែកនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុនកំពុងសហការ ក្នុងការផ្តល់កម្មវិធីអប់រំជា App និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធើណែត រួមទាំងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក៏បានកំពុងផ្សព្វផ្សាយនូវវិធានការបង្ការការឆ្លងមេរោគ ក៏ដូចជាគាំទ្រដល់កុមារដែលមិនអាចចូលរៀន ដោយសារការបិទសាលារៀន។ ជាមួយគ្នានេះ ក៏មានវេជ្ជបណ្ឌិតជនជាតិជប៉ុនមួយចំនួន បានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដើម្បីបំពេញការងារការវះកាត់បន្ទាន់ និងព្យាបាល ជម្ងឺជូនប្រជាជនកម្ពុជាផងដែរ។
ចំណាត់ការលើវិធានការកូវីដ១៩ទាំងនេះ ក៏បានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ ។ ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត យើងនឹងបន្តកិច្ចពិភាក្សា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកឡើងវិញ នូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងវិស័យធុរកិច្ច តាមលក្ខណៈសមស្របនឹងការការពារការឆ្លង រាលដាលសារជាថ្មីនៃកូវីដ១៩ ។ ម៉្យាងវិញទៀត ខ្ញុំក៏មានបំណងជម្រុញនូវសាមគ្គីភាព ឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្រោយពេល ដែលការរីករាលដាលកូវីដ១៩នេះ ត្រូវបានបញ្ចប់ផងដែរ ។
កាលពីខែមករាឆ្នាំនេះ ខ្ញុំបានជួបជាមួយយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍លើនយោបាយចំនួន១០រូប ដែលបានមកធ្វើទស្សនាកិច្ច នៅប្រទេសជប៉ុន ហើយពួកគាត់ទាំងអស់គ្នា បានសម្តែងចេញនូវស្មារតីចង់អភិវិឌ្ឍ ប្រទេសរបស់ខ្លួនខ្លាំងណាស់ ។ ប្រទេសកម្ពុជាមានធនធានមនុស្សប្រៀប ដូចជាកំពូលនៃប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ដែលត្រូវបានទ្រដោយថ្ម រឹងមាំដាក់បន្តុបលើគ្នាជាច្រើនដើម្បីឲ្យខ្ពស់ ។ ម៉្យាងវិញទៀត ដូចគ្នានឹងយុគសម័យអង្គរ ដែលបានរីកចម្រើនលូតលាស់ ដោយការរួមរស់ជាមួយគ្នា និងការលាយបញ្ចូលគ្នា រវាងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ប្រទេសកម្ពុជាមានប្រវត្តិ និងប្រពៃណីទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗគ្នាផងដែរ ។ ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រ ដើម្បីឲ្យប្រទេសកម្ពុជាអាចដើរ លើមាគ៌ាសំដៅទៅរកទិសដៅ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង ។
ខ្ញុំទន្ទឹងរង់ចាំនឹងជួបពិភាក្សាយ៉ាងស្មោះអស់ ពីចិត្តជាមួយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្រ របស់ប្រទេសយើងទាំងពីរកាន់ តែរីកចម្រើនថែមទៀត ៕