ភ្នំពេញ៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ស្អែកនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងជួបពិភាក្សាការងារ ទ្វេភាគីជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីស្តីការក្រសួង ។
សូមបញ្ជាក់ថា លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២១ សីហានេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១២ សីហា បានឲ្យដឹងថា លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ។
ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលនៅក្នុងឱកាសនោះ បញ្ហាទ្វេភាគី និងពហុភាគីមួយចំនួន ដែលជាចំណាប់អារម្មណ៍រួម នឹងត្រូវបានលើកយកមកពិភាក្សា។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅព្រះរាជាណាចក្រកម្ពុជា នឹងជួយពង្រឹងពង្រីកថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ហើយក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ៕
ដោយ៖ ខា ដា