ភ្នំពេញ ៖ យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួន ១.៤៥៩.៣៨៦នាក់ ក្នុងនោះ ភ្ញៀវជាតិ ចំនួន១.៤៤៥.២៣៨ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន១៤.១៤៨ នាក់។
បើយោងតាមគេហទំព័រហ្វេប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃឈប់សម្រាក នៅរាជធានី-ខេត្ត បានខិតខំរៀបចំគោលដៅ ទេសចរណ៍ និងបង្ហាញផលិតផល ទេសចរណ៍ថ្មីៗ ដូចនៅខេត្តសៀមរាប រដ្ឋបាលខេត្តបានខិតខំរៀបចំបង្កើតអោយមានព្រឹត្តិការណ៍ “សម្រាកសៀមរាប” ទាំងព្រឹត្តិការណ៍កីឡា ទេសចរណ៍ វប្បធម៍ ប្រពៃណី ជាដើម។
ក្រសួងបន្ដថា រដ្ឋបាល រាជធានី-ខេត្ត បានសហការជាមួយគ្រប់ផ្នែកពាក់ពាន់ និងវិស័យឯកជន ខិតខំអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសនៅកន្លែងប្រារព្វពិធី។
ប្រភពដ៏ដែល សង្កេតឃើញថា មិនមានបញ្ហាធំដុំណាមួយ កើតឡើងទេ មិនមានការតំឡើងថ្លៃហួស ហេតុលើសេវាស្នាក់នៅ និងម្ហូបអាហារទេ ទោះបី នៅតាមគោលដៅទេសចរណ៍មួយចំនួន មានការខ្វះខាតបន្ទប់ស្នាក់នៅ ដោយសារលំហូរភ្ញៀវមានច្រើនក្នុងពេលតែមួយក៏ដោយ។ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់។
ក្រសួងទេចរណ៍បញ្ជាក់ថា ប៉ុន្តែបញ្ហាសំរាម ទោះបីរដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធមានការខិតខំច្រើន តែនៅតែជាបញ្ហាស្មុគ្រស្មាញ នៅឡើយដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់ បានទទួលទានអាហារ៕ដោយអេងប៊ូឆេង







