ព័ត៌មានជាតិ

ជប៉ុនស្នើកម្ពុជា បើកដំណើរការឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម

ភ្នំពេញ៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បើកដំណើរការឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២។ ចំពោះសំណើរនេះ ត្រូវបានសម្តេចតេជោស្វាគមន៍។

ការស្នើនេះបានធ្វើឡើងក្នុងជំនួបរវាង លោក ម៉ូតេហ្គី តូស៊ីមីត្សឹ និងសម្តេចតេជោ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

លោករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា “ស្នើសុំដើម្បីធ្វើយ៉ាងណា បើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ ដូចជាការធ្វើដំណើរទៅវិញទៅមក ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យធុរកិច្ចផងដែរ”។

ជាមួយគ្នានោះផងដែរ លោកភាគីជប៉ុនបានធ្វើការ សិក្សាចប់សព្វគ្រប់ហើយ ទៅលើកំពង់ផែក្រុងព្រះសីហនុ សម្រាប់ធ្វើយ៉ាងណា ឲ្យកំពង់ផែនោះ ទទួលកប៉ាល់ធំៗចូលចត ។ ក្នុងន័យនេះ លោកក៏បានស្នើសុំសម្ដេចតេជោ ឲ្យមានការគាំទ្រគម្រោងនេះផងដែរ។

ជាការឆ្លើយតប សម្តេចតេជោគាំទ្រ នូវការបើកឲ្យដំណើរការ នូវទំនាក់ទំនងឡើងវិញ ក៏ដូចជាជំរុញ វិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗរវាងកម្ពុជា និងជប៉ុន ដែលទាំងអស់នោះ នឹងធ្វើឲ្យទំនាក់ទំនង និងការផ្ដល់ការធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរ ដែលអាចនាំមកទំនាក់ទំនង កាន់តែខ្លាំងបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាបន្តទៀតផងដែរ។

សម្ដេចតេជោបន្ថែមថា ចំពោះការបើកដំណើរការឡើងវិញ នៃប្រទេសទាំងពីរ សម្តេចបានស្នើ ឲ្យមានការហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាណាណា ដែលការហោះហើរនេះ នឹងអាចនាំឲ្យការធ្វើដំណើរ រវាងប្រទេសទាំងពីរ មានសភាពការណ៍ធម្មតាឡើងវិញ ជាពិសេសត្រូវអនុវត្ត នូវវិធានការមួយចំនួនផងដែរ។ សម្តេចតេជោបន្តថា ការហោះហើរឡើងវិញនេះ នាំឲ្យមានការកើនឡើង ក្នុងទំហំពាណិជ្ជកម្មការ និងវិនិយោគផងដែរ។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្នុងឆ្នាំ២០១៩ កម្ពុជា-ជប៉ុន មានទំហំពាណិជ្ជកម្ម ប្រមាណ២ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជា នាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារ ហើយជប៉ុននាំចូលមកកម្ពុជាវិញ ០,៨ ពាន់លានដុល្លារ ។

ដោយឡែក នៅក្នុងឆ្នាំ២០២០នេះ រយៈពេល៩ខែ ទំហំ ពាណិជ្ជកម្មប្រទេសទាំងពីរ មានប្រមាណ៨០០លាន ដុល្លារ។ ក្នុងនោះកម្ពុជា នាំចេញទៅជប៉ុនប្រមាណ ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជា ប្រមាណ៣០០លានដុល្លារ។

សម្ដេចតេជោ ក៏បានថ្លែងថា ជប៉ុនជាមួយនឹងកម្មវិធីជំនួយក្រៅប្រទេស ដែលរាល់គម្រោងទាំងនោះមិនមានការពន្យា ឬបញ្ឈប់នោះទេ ផ្ទុយទៅវិញ កំពុងតែដំណើរការជាប្រក្រតី៕

To Top