ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ខ្ញុំពិតជារីករាយ ដែលបានឃើញ ប្រជាពលរដ្ឋ មានឱកាសឈប់ សម្រាកនាំក្រុមគ្រួសារ ទៅកំសាន្ត ប្រកបដោយ សុវត្ថិភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែង ការរីករាយ ដែលបានឃើញបងប្អូន ប្រជាពលរដ្ឋមានឱកាស បានឈប់សម្រាក នាំក្រុមគ្រួសារទៅកំសាន្ត នៅតាមតំបន់ រមណីយដ្ឋានល្អៗ ជាច្រើននៅទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព ជាពិសេសចៀសផុត ពីការចម្លងមេរោគកូវីដ១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី២៣ សីហា នេះថា «ខ្ញុំពិតជារីករាយ ដែលបានឃើញបងប្អូន ប្រជាពលរដ្ឋមានឱកាស បានឈប់សម្រាកនាំក្រុមគ្រួសារ ទៅកំសាន្តនៅតាមតំបន់ រមណីយដ្ឋានល្អៗ ជាច្រើននៅទូទាំង ប្រទេសប្រកប ដោយសុវត្ថិភាព ។
ជាពិសេសបងប្អូន បានចូលរួមថែរក្សា អនាម័យសុខភាព ចៀសផុតពីការចម្លងរោគកូវីដ១៩ ។
ខ្ញុំក៏សូមអរគុណ ដល់ក្រសួងមន្ទីរ គ្រប់ស្ថាប័ន ទាំងអស់ ព្រមទាំង អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសម្រួល សុវត្ថិភាពចរាចរណ៍ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាព ជូនបងប្អូនព្រមទាំងភ្ញៀវទេសចរ នៅក្នុងពេលឈប់សម្រាក ដែលមានរយៈពេល៥ថ្ងៃ កន្លងមកនេះ»។

សម្ដេចនាយករដ្ឋមន្រ្តី បានសរសេរបន្ថែមថា «សូមជូនពរបងប្អូនជនរួមជាតិ ជួបតែ សេចក្តីសុខ និងសំណាងល្អ និងសូមបងប្អូន ប្រជាពលរដ្ឋបន្តចូលរួមថែរក្សា សុខភាព កុំអោយឆ្លងជំងឺកូវីដ១៩ អោយសោះ ហើយស្តាប់ តាមការណែនាំ របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដោយបន្តពាក់ម៉ាស ការពារ ហើយឧស្សាហ៍ដុស សម្អាតលាងដៃ ជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ ព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតលឿនសាហាវ ខ្លាំងណាស់»៕

To Top