ភ្នំពេញ៖ លោក ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា បានអំពាវនាវដល់បណ្ដាអ្នកដែលមានអាជីព ចំណេះជំនាញ ដូចជា អ្នកកាត់សក់ ចុងភៅ អ្នកបើកបរ កម្មករ កម្មករសំណង់ អ្នកជំនាញ អចលនវត្ថុ អ្នកចំរៀង អ្នកគូរគំនូរ អ្នកសារព័ត៌មាន មគ្គុទេសចរណ៍… ចូលរួមបង្កើតនូវវិដេអូឃ្លីបខ្លីៗ លក្ខណៈចែករំលែកនូវចំណេះជំនាញនិងបទពិសោធន៍ របស់ពួកគាត់ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ ឲ្យបានកាន់តែទូលំទូលាយ។
លោក ឃាង ពុទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមរយៈសារអេឡិចត្រូនិច Telegram ថា ការចូលរួមបង្កើតនូវវិដេអូឃ្លីបខ្លីៗ លក្ខណៈចែករំលែកចំណេះ ជំនាញ និងបទពិសោធន៍ ដែលពួកគាត់បានឆ្លង់កាត់ និងយល់ពីបច្ចេកទេស ពីការធ្វើការងារទាំងនោះកន្លងមក ដើម្បីបន្សុលទុកជាឯកសារដល់ក្មេងៗកម្ពុជា ជំនាន់ក្រាយ។
លោកបន្ថែមថា ពួកគាត់អាចថតជាវិដេអូឃ្លីបខ្លីៗ ផុសក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន ឬពួកគាត់នៅក្នុងសមាគម ឬក៏ក្នុងសា្ថប័នក្រុមហ៊ុនណាមួយ ដែលគាត់បង្កើត ហើយបើពួកគាត់មិនមាននរណាដឹងទេ ពួកគាត់អាចមកទាក់ទងមកសភា មុខរបរនិងមីក្រូសគ្រាសកម្ពុជាបាន ហើយសភាមុខរបរ នឹងសហការទទួលថតវិដេអូឃ្លីបខ្លីៗទាំងនេះ។
លោកបានបន្តថា ការបង្កើតនូវវិដេអូឃ្លីបខ្លីៗនេះឡើង គឺអាចឲ្យបណ្ដាអ្នកជីព មុខរបរផ្សេងៗ អាចងាយស្រួលក្នុងរៀនសូត្របាន ពីព្រោះថាការការបងើ្កតវីដេអូ ផុសក្នុងបណ្ដាញសង្គម YouTube Facebook និងតាមបណ្ដាសារព័ត៌មានក្ដី ដែលទាំងអស់នេះ ជាវិធីចែករំលែកពីវិធីធ្វើការ ដែលមានល្បឿនរហ័សនិងមានប្រសិទ្ធភាពខ្ពស់៕