កំពង់ចាម៖ លោក ងួន ស៊ឹមអាន អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជន ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅវត្តមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន បានប្រកាសទទួលស្គាល់សមាជិក សមាជិកាថ្មីចំនួន១២០នាក់ ស្រី៦៦នាក់ ដែលបានគាំទ្រ និងស្ម័គ្រចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ ប្រធានគណបក្សប្រជា ជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណគុណដល់សមាជិក សមាជិកាថ្មី ដែលជឿជាក់ហើយបានគាំទ្រ និងចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ។
ទន្ទឹមនឹងនោះដែរ លោក អ៊ុន ចាន់ដា សូមឱ្យសមាជិក សមាជិកា ធ្វើកិច្ចការ ដោយកសាងជំនឿផ្ទៃក្នុងបក្ស ពោលគឺ ថ្នាក់ដឹកនាំក្របខណ្ឌ និងក្របខណ្ឌគណៈអចិន្ត្រៃយ៍បក្សស្រុក ត្រូវធ្វើសកម្មភាពទាំងឡាយណា ឱ្យថ្នាក់ក្រោមរបស់ខ្លួន មានជំនឿទុកចិត្តគ្នាទៅវិញទៅមក ត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងឲ្យបានល្អ ដឹកនាំដោយមានការឯកភាពគ្នា និងសាមគ្គីភាព ហាមឈ្លោះគ្នា ប្រជែងអំណាចគ្នា និងការបង្កើតបញ្ហាដែលជាហេតុនាំ ឲ្យបាក់បែកផ្ទៃក្នុងជាដើម ។
ម្យ៉ាងទៀត ការកសាងទំនុកចិត្តឲ្យទៅផ្នែកខាងក្រៅ តាមរយៈសកម្មភាពថ្នាក់ដឹកនាំ ដែលជាសកម្មជនរបស់គណបក្ស ក៏ដូចជាមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការងារបម្រើសេវានានា ជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើង និងមិនប្រកាន់និន្នាការ នយោបាយឡើយ ត្រូវប្រកាន់ខ្ជាប់នូវអំពើល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរលោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ សូមចូលរួមថែរក្សាសុខសន្តិភាព ដើម្បីធ្វើការអភិវឌ្ឍ ប្រទេសជាតិរបស់យើង ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ។ ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងណាមួយ ក្នុងចេតនារំលាយរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញពីការបោះឆ្នោត ៕