ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បាន ប្រកាសថា ចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ នៅតាមតំបន់មួយចំនួន។
សេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ២៥ សីហា បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីមាន ឥទ្ធិពលខ្សោយមកលើកម្ពុជា ។ ក្នុងនោះ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល គឺសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
ចាប់ពីថ្ងៃទី ២៦-២៧ ខែសីហា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមាន ភលៀងធ្លាក់តិច ។ បន្ទាប់ពីនោះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅ បង្គួរ ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច ។
ចំពោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ហើយនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
សម្រាប់បណ្តាខេត្ត នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៥ -២៧°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C នឹងអាចមានភ្លៀងធ្លាក់តិច ។
ដូចនេះក្រសួងឲ្យពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួន នៃបណ្តាខេត្តស្ថិតនៅតំបន់ វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ ៕