ព័ត៌មានជាតិ

គ.ជ.ប អំពាវនាវ ឲ្យពលរដ្ឋ មានឈ្មោះក្នុងបញ្ជី បោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ មកធ្វើបច្ចុប្បន្នភាព ទិន្នន័យ ក្នុងបញ្ជីបោះឆ្នោត ប្រភេទថ្មី

ភ្នំពេញ ៖ លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជី បោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះឆ្នោត (ឯ.អ) ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យ ក្នុងបញ្ជីបោះឆ្នោត តាម អ.ខ ប្រភេទថ្មី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ។

ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ រាជធានី-ខេត្ត ស្ដីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក សោម សូរីដា បានឲ្យដឹងថា កិច្ចប្រជុំនេះជាការផ្សព្វផ្សាយការងារ និងជាការស្នើសុំកិច្ចសហការ ពីអាជ្ញាធរដែនដី ដើម្បីផ្ដល់ការគាំទ្រចំពោះក្រុមប្រឹក្សា ឃុំ សង្កាត់ មេភូមិ គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល សំដៅឈានទៅអនុវត្តការផ្ដល់លិខិតអញ្ជើញតាមឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោត ដែលមាននៅក្នុងលិខិតអញ្ជើញក្នុង ឃុំ សង្កាត់ ពាក់ព័ន្ធឲ្យបានដល់ដៃសាមីខ្លួនគ្រប់ៗគ្នា ។

លោកបន្ដថា គោលបំណង នៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដូចតទៅ ៖

ទី១-ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះឆ្នោត (ឯ.អ) ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត តាម អ.ខ ប្រភេទថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

និងទី២-ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ហើយដែលបានប្រើ អ.ខ ប្រភេទថ្មី ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត តាមលិខិត អញ្ជើញអ្នកបោះឆ្នោត ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវ សាមីខ្លួនត្រូវស្នើសុំកែតម្រូវ ក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០៕

To Top