ព័ត៌មានជាតិ

លោកស្រី រ៉ូណា ស្មីត មិនគាំទ្រការជួបជុំ បញ្ចេញមតិ ដែលបំពានច្បាប់ និងបំពាន សិទ្ធិអ្នកដទៃ

ភ្នំពេញ ៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនគាំទ្រការជួបជុំបញ្ចេញមតិដែលបំពានច្បាប់ និងបំពានសិទ្ធិសេរីភាពអ្នកដទៃឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាលោកស្រី ក៏បានសម្តែងការព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិ និងការជួបជុំតវ៉ាផងដែរ។

នេះបើតាមយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត។

លោកស្រី រ៉ូណា ស្មីត មិនគាំទ្របែបនេះ ស្របពេល មានប្រជាពលរដ្ឋមួយចំនួន បានធ្វើការទាមទារ ដោះលែងលោក រ៉ុង ឈុន ខណៈអាជ្ញាធរបានឲ្យប្រជាពលរដ្ឋទាំងនោះ ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពរបស់ខ្លួន មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

ក្នុងពិភាក្សាការងារជាមួយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រព័ន្ធវិ ដេអូ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា «មានការបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំតវ៉ា។តែមិនគាំទ្រនូវការជួបជុំបញ្ចេញមតិដែលបំពានច្បាប់ និងបំពានសិទ្ធសេរីភាពអ្នកដទៃ បង្កឲ្យមានការរើស អើងពូជសាសន៍ អំពើហិង្សា និងភាពចលាចលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខ សង្គម»។

បន្ថែមពីនេះ លោកស្រី ក៏មានការព្រួយបារម្ភពីការកើនឡើងនៃការឃុំខ្លួនបណ្ដោះអាសន្ន និងភាព ចង្អៀតណែនក្នុងពន្ធនាគារ ស្របពេលការរីក រាលដាលនៃជំងឺកូវីដ-១៩។

ឆ្លៀតឱកាសនោះ លោកស្រី រ៉ូណា ស្មីត ក៏បានបង្ហាញ ពីក្ដីកង្វល់ និងផ្ដល់អនុសាសន៍មួយចំនួនផងដែរ ដែលសុទ្ធតែជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ដូចជា ៖ ការទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងការរៀបចំ និងការធ្វើវិសោធនកម្មច្បាប់ មួយចំនួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងស្របតាមគោលការណ៍សិទ្ធិមនុស្សអន្ដរជាតិ។

ជាការឆ្លើយតប គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និងអន្ដរក្រសួងនឹងធ្វើការពិចារណលើកង្វល់ និងអនុសាសន៍របស់លោកស្រី ហើយនិងបន្ដកិច្ចសហប្រតិបត្តិការជាមួយគ្នាទៀត ដើម្បីធ្វើឲ្យស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង៕ ដោយ អេង ប៊ូឆេង

To Top