ភ្នំពេញ ៖ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា បានអះអាងថា វិទ្យា ល័យបាក់ទូកត្រូវបានជ្រើសរើស ជាសាលារៀនដំបូង ដែលត្រូវបើកឲ្យដំណើរការឡើងវិញមុនគេ ។
ក្នុងកិច្ច ប្រជុំ ស្ដីពី “លទ្ធភាពក្នុងការរៀបចំ បើកសាលារៀនសាធារណៈឡើងវិញសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២” នៅ២៥ ខែសីហា ឆ្នាំ២០២០ លោកណាត ប៊ុនរឿន បានថ្លែងថា លទ្ធភាពនៃការបើក សាលារៀនឡើងវិញ បានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួនសិស្សចន្លោះពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគ សិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សា ចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបន្តថា “វិទ្យាល័យបាក់ទូកត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយ សារមានចំនួនសិស្សថ្នាក់ទី១២ ច្រើនជាងគេទូទាំងប្រទេស”។
ក្នុងឱកាសនោះដែរលោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដោយការប្រើប្រាស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩ និង អាច ទាញ យក ផលប្រយោជន៍ សម្រាប់ពេលអនាគត ដោយ បន្ត និរន្តរភាព បច្ចេកវិទ្យា ៕ដោយ៖ធី លីថូ