ព័ត៌មានជាតិ

មេបញ្ជាការកងពលតូចលេខ៩៩ ក្រើនរំលឹកបងប្អូនកងទ័ព ឲ្យបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ និងចេះជួយយកអាសារគ្នា

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានក្រើនរំលឹកដល់ បងប្អូនកងទ័ពទាំងអស់ ឲ្យបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ និងត្រូវចេះជួយយកអាសារគ្នា នៅក្នុងអង្គភាព ។

ក្នុងពិធីរំលឹកខួប១០ឆ្នាំ នៃការបង្កើតកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានរំលឹកអំពីប្រវត្តិនៃ ការបង្កើតកងពលតូចលេខ៩៩ និងការវិវឌ្ឍមកទល់បច្ចុប្បន្ននេះ ។

លោកឧត្តមសេនីយ៍ទោ ក៏បានលើកឡើងពី ប្រវត្តិតស៊ូរបស់លោកផ្ទាល់ និងយុទ្ធមិត្តរួមអាវុធក្នុងសម័យសង្គ្រាម ជូនដល់បងប្អូនកងទ័ពស្តាប់ ទុកជាមេរៀន និងបទពិសោធន៍ផងដែរ។

ហើយអ្វីដែលសំខាន់នោះ លោកឧត្តមសេនីយ៍ទោ បានក្រើនរំលឹកដល់បងប្អូនកងទ័ពទាំងអស់ បន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ និងត្រូវចេះជួយយកអាសារគ្នា នៅក្នុងអង្គភាព។

ជាមួយគ្នានោះដែរ កងពលតូចដឹកជញ្ជូនលេខ ក៏បានរៀបចំពិធីសូត្រមន្ត រាប់បាតតាមបែបពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន យុទ្ធជន យុទ្ធនារី និងមិត្តរួមអាវុធ ដែលបានចែកឋានទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិមាតុភូមិ ៕

To Top