ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ការផ្ដល់ប្រាក់ឧបត្ថម្ភកូរ៉ូណា លើកទី២ មិនមែនជាការពិតទេ ដូច្នេះ និស្សិត កម្មករ-កម្មការិនី ខ្មែរ មួយចំនួន នៅជប៉ុន កុំចាញ់បោក បញ្ជោតនេះ និងមានការប្រុងប្រយ័ត្នខ្ពស់ ហើយទាក់ទងមកស្ថានទូត បើមានចម្ងល់អំពីបញ្ហានេះ។
នាពេលថ្មីៗនេះ មានជនខិលខូចបានបញ្ចុះបញ្ចូល ប្អូនៗ ក្មួយៗ កម្មសិក្សាការី និងពលករមួយចំនួន ឲ្យប្រគល់ឯកសារ រួមមាន ៖ បណ្ណស្នាក់នៅ សៀវភៅធនាគារ ឬកាតធនាគារ ព្រមទាំងលេខសំងាត់ ដើម្បីយកទៅស្នើសុំ ប្រាក់ឧបត្ថម្ភកូរ៉ូណាលើកទី២។
យោងតាមសេចក្ដីជូនដំណឹងរបស់ ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា «ចំពោះប្អូនៗ ក្មួយៗ ដែលបានប្រគល់ឯកសារ ដូចបានរៀបរាប់ខាងលើ ទៅឲ្យអ្នកដទៃ ដែលអះអាងថា យកទៅស្នើសុំប្រាក់ឧបត្ថម្ភលើកទី២ សូមរួសរាន់ទាមទារយកមកវិញ។ក្នុងករណីមិន អាចទទួលឯកសារទាំងនោះមកវិញទេ សូមដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលិស ដែលនៅជិតកន្លែងស្នាក់នៅ»៕ ដោយ៖ អេង ប៊ូ ឆេង

