ព័ត៌មានជាតិ

ទូតទីម័រខាងកើត៖ មានបរទេសមួយចំនួន មិនសប្បាយចិត្ត នឹងការរីកចំរើន របស់ខេត្តព្រះសីហនុ ទើបចោទប្រកាន់ថាចិន ដាក់មូលដ្ឋានយោធានៅកម្ពុជា

ភ្នំពេញ៖លោក អេមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មានបរទេសមួយចំនួន មិនសប្បាយចិត្ត នឹងការរីកចំរើន របស់ខេត្តព្រះសីហនុ ទើបធ្វើការចោទប្រកាន់ថាចិន ដាក់មូលដ្ឋានយោធា របស់ខ្លួន នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការលើកឡើង របស់លោកទូតទីម័របែបនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

យោងតាមរដ្ឋបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សា នាឱកាសនោះ លោកទូតបានលើកឡើងថា ដោយមើលឃើញ ពីការអភិវឌ្ឍន៍រីកចំរើន យ៉ាងឆាប់រហ័ស របស់ខេត្តព្រះសីហនុនេះ ហើយទើប លោក អេមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត បានមកធ្វើទស្សនកិច្ចស្វែងយល់ អំពីសក្តានុពល និងការដឹកនាំ របស់លោកអភិបាលខេត្ត ដែលធ្វើឱ្យមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។

ក្នុងនោះលោក ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនេះ ទៅថ្ងៃអនាគតក្រុងព្រះសីហនុ នឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជា។

លោកបន្ថែមថា ទន្ទឹមនឹងការរីកចំរើន របស់ខេត្តព្រះសីហនុ ក៏មានបរទេសមួយចំនួន មិនសប្បាយចិត្ត និងបានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលចិន បានយកខេត្តព្រះសីហនុ ធ្វើជាមូលដ្ឋានយោធា របស់ខ្លួន ដែលការលើកឡើងទាំងនេះ មិនមែនជាការពិតនោះឡើយ ព្រោះលោកបានមកធ្វើទស្សនកិច្ច និងបានចុះទៅពិនិត្យដោយផ្ទាល់។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើត គឺមានជាយូរមកហើយ ព្រោះប្រទេសទាំងពីរ គឺមានសាវតាស្រដៀងគ្នា។

លោកទូត ក៏បានសំដែងការអរគុណ ចំពោះឥណ្ឌូចិន ដែលមានប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសចិន ដែលបានគាំទ្រឱ្យទីម័រខាងកើតផ្ដាច់ខ្លួន និងទាមទារបានឯករាជ្យដោយខ្លួនឯង ហើយប្រជាជន ទីម័រខាងកើត មានមោទនភាពជាខ្លាំង ចំពោះប្រទេសកម្ពុជា ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំ ជោគជ័យមួយរូប ក្នុងការបង្រួបបង្រួមជាតិ ក្រោយពីប្រទេសកម្ពុជា មានវិបត្តិជាង៣០ឆ្នាំ ហើយសម្ដេចបានបង្រួបបង្រួម ផ្សះផ្សារជាតិ រហូតធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើន រហូតដល់បច្ចុប្បន្ន។

ជាពិសេសសម្ដេចបាន ដឹកនាំប្រទេសឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលសម្លាប់ប្រជាជនស្លូតត្រង់ ជាងបីលាននាក់ និងបានប្រែក្លាយមកជាប្រទេស មានកំណើនសេដ្ឋកិច្ចកើនឡើង ៧ ភាគរយប្រចាំឆ្នាំ គឺជាអច្ឆរិយៈមួយ ដែលប្រទេសទីម័រខាងកើត មានបំណងរៀនសូត្រ ពីប្រទេសកម្ពុជា ក្នុងការដឹកនាំឱ្យ ប្រទេសមានការ អភិវឌ្ឍន៍រីកចំរើន ជាពិសេស ដូចនៅក្រុងព្រះសីហនុនេះផងដែរ ។

ជាមួយគ្នានោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើន នាពេលបច្ចុប្បន្ននេះ គឺក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា។

ក្នុងនោះសម្រាប់ ខេត្តព្រះសីហនុ គឺជាខេត្តប៉ូល សេដ្ឋកិច្ចពហុបំណង ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តមាន សក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ល។

ខេត្តមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិ ទឹកជ្រៅតែមួយគត់ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្ដូរទំនិញ ឆ្លងកាត់ទៅកាន់បណ្ដាប្រទេស នៅទូទាំងពិភពលោក។ ទាំងអស់នេះហើយ ដែលធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍រីកចំរើន យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានផ្តល់លទ្ធភាព ឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានភាពងាយស្រួលក្នុងការ មកបណ្ដាក់ទុន រកស៊ីនៅក្នុងខេត្តព្រះសីហនុ។

ក្រៅពីនោះខេត្ត ក៏មានឆ្នេរសាច់សល្អស្អាត និងវែងជាងគេ ទាំងដីគោក និងនៅតាមតំបន់ឆ្នេរកោះ ដែលអាចទាក់ទាញ ភ្ញៀវទេសចរជាតិអន្តរជាតិ អ្នកវិនិយោគ មកបណ្ដាក់ទុន និងលំហែកំសាន្ត៕

To Top