ព័ត៌មានជាតិ

អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក សរសើរកម្ពុជា ដែលដាក់ចេញវិធានការ ប្រឆាំងជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការ ប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។

យោងតាមលិខិតកោតសរសើរចំពោះកម្ពុជា របស់អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក ចេញផ្សាយពេលថ្មីៗនេះ បានឲ្យដឹងថា «ខ្ញុំសូមសម្ដែង នូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការ ប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃជំងឺកូវីដ១៩។ ឆ្លៀតក្នុងឱកាសនេះដែរ អង្គការទេសចរណ៍ពិភពលោក ក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យជួបតែសុខសុវត្ថិភាព និងសុខភាពល្អអំឡុងពេល នៃថ្ងៃឈប់សម្រាកពិធីចូលឆ្នាំខ្មែរ ដែលតាមប្រពៃណី ប្រារព្ធធ្វើឡើងក្នុងខែមេសា តែត្រូវបានលើកពេល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩»។

បន្ថែមពីនេះ អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក ពិតជារីករាយខ្លាំងណាស់ ដោយបានឃើញកម្ពុជា កំពុងតែចាប់ផ្តើមទេសចរណ៍ ក្នុងស្រុកឡើងវិញ ស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ និងបានដាក់អនុវត្តវិធានសុវត្ថិភាពចាំបាច់ និងអនាម័យ ក៏ដូចជាគោលការណ៍ណែនាំនានា នៅតាមតំបន់ទេសចរណ៍។ ការចាប់ផ្តើមឡើងវិញ ប្រកបដោយការទទួលខុសត្រូវនេះ ពិតជាស្របតាម អនុសាសន៍ណែនាំ របស់អង្គការទេសចរណ៍ពិភពលោក។

ប្រភពដដែលបញ្ជាក់ថា អង្គការទេសចរណ៍ពិភពលោក កំពុងសម្របសម្រួលការបើកឡើងវិញ នូវវិស័យទេសចរណ៍ ដោយសហការ ជាមួយប្រទេសជាសមាជិក និងអង្គការអន្តរជាតិនានា តាមរយៈការបង្កើត គោលការណ៍ណែនាំ និងអនុសាសន៍នានា សម្រាប់ការចាប់ផ្តើមឡើងវិញ នូវសកម្មភាពទេសចរណ៍ប្រកបដោយ សុវត្ថិភាព និងការទទួលខុសត្រូវ។ ដូច្នេះ អរគុណដល់កម្ពុជាជាអនេក សម្រាប់ការចូលរួមក្នុងកិច្ចខិតខំប្រឹង ប្រែងនេះ ដែលបានឆ្លុះបញ្ចាំង ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងសកម្មភាព របស់អង្គការទេសចរណ៍ពិភព លោកអំឡុងពេលវេលាដ៏លំបាកនេះ។

អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក ក៏បានកោតសរសើរខ្ពស់ចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែទុកសុខុមាលភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាព ហើយសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីនេះ នឹងចូលរួមចំណែក ដល់ការចាប់ផ្តើមឡើងវិញនូវ ទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ក្នុងប្រទេសកម្ពុជាផងដែរ៕ដោយ៖ អេង ប៊ូ ឆេង

To Top