ព័ត៌មានជាតិ

លោក សុខ ទូច៖ កម្ពុជា មានសក្ដានុពលទេសចរណ៍ច្រើន ដែលប្រទេសដទៃគ្មាន

ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានសក្ដានុពលទេសចរណ៍ច្រើនណាស់ រហូតដល់ប្រទេសដទៃគ្មានដូចឡើយ ដូច្នេះយើងត្រូវរួមគ្នាអភិវឌ្ឍន៍ វិស័យទេសចរណ៍ឱ្យបានខ្លាំងក្លា ដើម្បីអន្ទងចិត្តភ្ញៀវទេសចរ ឲ្យមកលេងកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត។

ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នាជាផ្លូវការ រវាងរាជបណ្ឌិតសភាកម្ពុជា ជាមួយ ក្រសួងទេសចរណ៍ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងប្រសិទ្ធភាព នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក សុខ ទូច បានថ្លែងថា តទៅមុខកម្ពុជាមិនមែនគ្រាន់តែ មានធនធានមនុស្សសម្រាប់បំពេញ តម្រូវការទេសចរណ៍ ក្នុងប្រទេសប៉ុណ្ណោះទេ តែថែមទាំងអាចនាំចេញនូវ ធនធានមនុស្សដែលទទួលការ បណ្ដុះបណ្ដាលនៅក្នុងប្រទេស ទៅធ្វើការនៅក្រៅប្រទេសបានទៀតផង។

លោកបន្តថា រាជបណ្ឌិត្យសភាកម្ពុជា មានមហិច្ចតាចង់រួមដៃគ្នា ជាមួយក្រសួងទេសចរណ៍ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ អភិវឌ្ឍគោលដៅទេសចរណ៍ នៅតំបន់បឹងទន្លេសាប ឧទ្យានជាតិតេជោសែនឫស្សីត្រឹប តំបន់អេកូទេសចរណ៍ នៅតាមបណ្ដាខេត្តនានា ដែលអាចផ្ដល់សុវត្ថិភាពខ្ពស់ ដល់ភ្ញៀវទេសចរក្នុងដំណាក់កាលថ្មីៗនេះ។

ប្រធានរាជបណ្ឌិត្យសភាឲ្យដឹងទៀតថា “ប្រទេសកម្ពុជាមានសក្ដានុពល ទេសចរណ៍ច្រើនណាស់ រហូតដល់ប្រទេសដទៃគ្មាន ដូចកម្ពុជាឡើយដូច្នេះកម្ពុជាខ្លួនឯង ត្រូវតែរួមគ្នាអភិវឌ្ឍន៍ វិស័យទេសចរណ៍ឱ្យបានខ្លាំងក្លា ដើម្បីអន្ទងចិត្តភ្ញៀវទេសចរ ឱ្យមកលេងឱ្យបានច្រើនឡើង”។

លោកសង្កត់ធ្ងន់ថា ពេលភ្ញៀវមកដល់កម្ពុជាហើយ ត្រូវធ្វើឱ្យគេស្នាក់នៅឲ្យបានយូរ ទោះបីត្រូវចាកចេញទៅវិញ ក៏ត្រូវឱ្យគេចង់ត្រលប់មកវិញដែរ ឱ្យគេនិយាយពាក្យថា ជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗ កុំឱ្យគេខកចិត្ត មិនសប្បាយចិត្ត និងមិនចង់ត្រលប់មកកម្ពុជាវិញ កុំឱ្យគេនិយាយពាក្យ លាកម្ពុជារហូតហើយ។

ចំណែកលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងក្របខណ្ឌការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បាននិងកំពុង យកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ (ទាំងផ្នែកសាធារណៈ និងឯកជន) និងបានដាក់ចេញនូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» សំដៅពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាសមត្ថភាពអាស៊ាន តំបន់ អន្តរជាតិ និងពិភពលោក តាមរយៈការរៀបចំនូវវគ្គបណ្តុះបណ្តាល ទាំងជំនាញបន្ថែម និងជំនាញថ្មី (Up-Skilling and Reskilling) ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ធនធានមនុស្សក្នុង វិស័យទេសចរណ៍កម្ពុជា ៕

ដោយ៖ ធី លីថូ

To Top