ព័ត៌មានជាតិ

វិស្វករជាស្ពាន សម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍

ភ្នំពេញ៖ វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹង ការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌ ។

នេះជាប្រសាសន៍លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិ ក្រុមប្រឹក្សាភិបាលនៃអង្គការ សហព័ន្ធវិស្វកម្មអាស៊ាន (AFEO) លើកទី១៩ និងប្រកាសចាប់ផ្តើមប្រមូល មូលនិធិសម្រាប់ពានរង្វាន់ យុវវិស្វករឆ្នើម (AFEO) តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

លោក អ៊ិត សំហេង ចង់បញ្ជាក់ថា វិស្វករត្រូវតែចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ជាមួយវិស្វករដទៃទៀត ជាពិសេសវិស្វករអាស៊ាន និងវិស្វករពិភពលោក ដើម្បីបង្កើនសមត្ថភាពយល់ដឹង របស់ខ្លួនទាំងទ្រឹស្ដី និងការអនុវត្ត។

រដ្ឋមន្ត្រីសង្ឃឹមថា វិស្វករនៃបណ្ដាប្រទេសជា សមាជិកអាស៊ានទាំងអស់ ដូចពេលប្រជុំ AFEO Mid-Term នាពេលនេះ ឬក៏សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន (CAFEO) តាមប្រទេសនីមួយៗ គឺមានឱកាសធ្វើការជាមួយគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួន ក៏ដូចជាការលើក ស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនបាននូវភាព សុខដុមរមនា ក្នុងតំបន់ជាលក្ខណៈមហាគ្រួសារតែមួយ។

ជាមួយគ្នានេះដែរ លោក អ៊ិត សំហេង បានស្នើអង្គការសហព័ន្ធវិស្វកម្មអាស៊ាន បន្តវប្បធម៌ចែករំលែក បទពិសោធន៍ដ៏ប្រពៃនេះ ដើម្បីជំរុញវិស្វករនៅក្នុងតំបន់មានសមត្ថភាព ទៅតាមស្ដង់ដារអន្តរជាតិ និងអាចដើរទាន់ការ អភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ នៃបណ្ដាប្រទេសជឿនលឿន ក្នុងសកលលោក។

លោកមានជំនឿថា កិច្ចសហប្រតិបត្តិការល្អរវាង សមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នឹងក្លាយជាកម្លាំងចលករ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសក្ដានុពលក្នុងការជំរុញ ឱ្យវិស័យសេវាវិស្វកម្មនៅក្នុងតំបន់ បោះជំហានទៅមុខ ប្រកបដោយភាពជោគជ័យ។ លើសពីនេះថែមទៀត គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគោលនយោបាយបច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍប្រសើរឡើង ប្រកបទៅដោយចីរភាព ព្រមទាំងអនុវត្តចំណេះដឹងវិស្វកម្ម ដោយយោងតាមគុណតម្លៃសកល និងក្រមសីលធម៌វិជ្ជាជីវៈវិស្វកម្ម ៕

To Top