ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្រសួងសម្រេចឲ្យបើកសាលារៀនឡើងវិញ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ ទី១២ នៅដើមខែកញ្ញា ព្រមទាំងឲ្យគ្រឹះស្ថានសិក្សា សាធារណៈគ្រប់កម្រិត នៅខេត្តចំនួន៤ បើកដំណើរឡើងវិញថែមទៀតផង។
អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ថាការអនុញ្ញាតឲ្យរៀនឡើង សម្រាប់ថ្នាក់ទី៩ និង១២ គឺក្នុងក្របខណ្ឌទូទាំងប្រទេស ។ សម្រាប់គ្រឹះស្ថានសាធារណៈគ្រប់កម្រិត នៅតាមទីរួមខេត្តចំនួន៤ ដោយសារខេត្តទាំងនោះ មានកម្រិតហានិភ័យទាប ។ ខេត្តទាំង៤រួមមាន ៖ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។
លោកថា បើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់។
ស្របពេលជាមួយការ អនុវត្តដំណាក់កាលទី២ ក្រសួង នឹងបន្តកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសិក្សាស្ថានភាព និងវាយតម្លៃការរៀបចំរបស់គ្រឹះ ស្ថានសិក្សាសម្រាប់ត្រៀមខ្លួន បើកដំណើរការដំណាក់កាលទី៣។
ជាមួយគ្នានោះដែរ ក្រសួងនឹងអនុញ្ញាតឲ្យគ្រឹះ ស្ថានសិក្សាឯកជនពីកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សាបើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ ដល់ទីតាំងគ្រឹះស្ថានសិក្សា។
ពាក់ព័ន្ធការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អ្នកនាំបញ្ជាក់ថា នឹងធ្វើឡើង នៅថ្ងៃ២១ ធ្នូ និង សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ នៅថ្ងៃ៣០ វិច្ឆិកា ចុងឆ្នាំនេះ៕ ដោយ ស សំណាង