ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ធ្វើវេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីឆ្លើយតបតាមតម្រូវការ របស់ពលរដ្ឋ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា ថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំ រំកិលថ្នាក់ខេត្ត ធ្វើឡើងដើម្បីបង្ហាញអំពីតម្រូវការ អភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត ដើម្បីឈានដល់ការឆ្លើយតប នឹងតម្រូវការ របស់ប្រជាពលរដ្ឋ ប្រកបដោយសុក្រឹតភាព ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្ត ក្នុងពេលធ្វើវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)។

លោកអភិបាលខេត្ត បានថ្លែងបន្តថា តាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំ (២០២១-២០២៣)របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់យើងសង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគ ខេត្តមានចំនួន ៤៨៧ គម្រោងសំណើរគម្រោងវិនិយោគក្រុង ស្រុកមានចំនួន៨០៤ គម្រោង និងសំណើគម្រោងវិនិយោគឃុំ -សង្កាត់មានចំនួន ៤,០៥៨ គម្រោង សរុបចំនួន ៥,៣៤៩គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកា គាំទ្រសម្រាប់អនុវត្តឆ្នាំ២០២១។

ដូចច្នេះ ទាមទារឲ្យមានការចូលរួម គាំទ្រពីមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា សហការរួមគ្នាដោះស្រាយបញ្ហាដែលកើតមាននៅមូលដ្ឋាន។

ការរៀបចំវេទិការពិគ្រោះយោបល់ ពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត ពេលនេះគឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្រប សម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធាន របស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជននានាដើម្បីឈានដល់ការឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកប ដោយសុក្រឹតភាព ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណងសំខាន់នាថ្ងៃនេះគឺ៖
ទី១ ផ្សព្វផ្សាយជាសាធារណៈ អំពីដំណើរការ សិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក និងឃុំ/សង្កាត់ សម្រាប់ឆ្នាំ២០២១-២០២៣។

ទី២ ស្វែងរកប្រភពធនធានពីដៃគូអភិវឌ្ឍន៍នានា ដើម្បីមានមូលនិធិគ្រប់ គ្រាន់ក្នុងកិច្ច អភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។

ទី៣ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្នាំចាស់។

To Top