ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមានចាត់វិធានការ ដោយមិនអាចអន់ឱន ឲ្យបាននោះទេ ចំពោះអ្នកមួយចំនួន ដែលនិយាយពីការបោះពុម្ភផែនទី ព្រំដែន កម្ពុជា -វៀតណាមធ្វើឲ្យបាត់បង់ទឹកដី។
ជាមួយគ្នានេះសម្តេច បានដាក់សំណួរថា ហេតុអ្វី បានជាអ្នករិះគន់មួយចំនួន មិនលើកយកបញ្ហាព្រំដែនកម្ពុជា និងថៃមកជជែក លើកតែបញ្ហាព្រំដែន កម្ពុជា-វៀតណាម ដែលរាជរដ្ឋាភិបាលខិតខំដោះស្រាយ មកជជែកវែកញែកទៅវិញ។
ក្រសួងការពារជាតិ បានថ្លែងក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ប្រគល់ផែនទី ឲ្យស្ថាប័នជាង៣០ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា ផែនទីប្រគល់ដោយព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីយកទៅប្រើប្រាស់ គឺជាសមិទ្ធិផលមួយយ៉ាងធំសម្រាប់កម្ពុជា។
សម្តេចបន្តថា «ខ្ញុំរីករាយណាស់ ដែលអ្នកសារព័ត៌មានចង់ដឹងរឿងព្រំដែននេះ ។ឥឡូវនេះ យើងធ្វើកិច្ចការ នេះបានល្អប្រើសើរជាទីបំផុត ក្នុងប្រវត្តិសាស្ត្រដែល យើងមិនធ្លាប់មាន។ និយាយមិនធ្លាប់មាននេះ ដោយ សារតែយើងបានរៀបចំបោះពុម្ភផែនទីមួយ ដែលមានខ្នាត១/២៥០០០នេះ គឺជាជោគជ័យមួយដ៏ធំណាស់ សម្រាប់ឯកសារជាតិសំខាន់ណាស់។ ម្ល៉ោះហើយខ្ញុំមិនអាចអត់ឱន ឲ្យបានទេចំពោះអ្នកមួយចំនួនចោទប្រកាន់ថា ការផលិតនិងបោះពុម្ភផែនទីខ្នាត១/២៥០០០នេះ ជាការធ្វើឲ្យបាត់ស្រុក បាត់ប្រទេស បាត់ទឹកដីជាដើម នេះ»។
ប្រមុខដឹកនាំការពារជាតិ ក៏បានលើកឡើងទៀតថា ការ និយាយរឿងបោះផែនទីនេះហើយធ្វើបាត់ដី គឺមិនអាចអត់ឱន ឲ្យបានជាដាច់ខាតព្រោះជារឿងសំខាន់បំផុតរបស់ប្រជាជាតិ ខណៈកម្ពុជាទទួលបានជោគជ័យដ៏ធំធេង ដោយសារបានគូសនិងបោះពុម្ភផែនទីនេះ ព្រោះការធ្វើផែនទីបានលុះត្រា តែមានការឯកភាពគ្នារវាងប្រទេសជិតខាង ។
សម្តេចបញ្ជាក់ថា «និយាយជារួមទាំងពីរភាគីទម្រាំចរចាគ្នា ត្រូវមានការលំបាក់លំបិនណាស់ តែគេបែរជាចោទប្រកាន់មកផ្លូវផ្សេង ដែលប៉ះពាល់មកលើផ្លូវច្បាប់ ដែលយើងមាន។ ការធ្វើផែនទីនេះ គឺយើងធ្វើតាមច្បាប់ទាំងអស់ ! ច្បាប់អនុញ្ញាតឲ្យធ្វើ ឲ្យគណៈកម្មការចម្រុះព្រំដែនធ្វើ ។ យើងធ្វើតាមច្បាប់ទាំងអស់ ។ ច្បាប់ដែលឆ្លងរដ្ឋសភាព្រឹទ្ធសភា ជាដើម តែបែរជាមកចោទប្រកាន់បែបនេះ ។ អីចឹងហើយយើងមិនអាចអត់ឱនឲ្យនោះទេ»។
សម្តេចទៀ បាញ់ ក៏បានលើកឡើងថា រាជរដ្ឋាភិបាល នឹងប្រើប្រាស់វិធានការផ្លូវច្បាប់ ចំពោះអ្នកដែល និយាយពីការបោះពុម្ភផែនទីព្រំដែនបាត់ទឹកដី ព្រោះពួកគេនិយាយបែបប្រជាភិថុត ឬគ្មានមូលដ្ឋានច្បាស់លាស់ ណាមួយមកអះអាង ។
ជាមួយគ្នានោះដែរ សម្តេច ទៀ បាញ់ ក៏បានលើកឡើងថាបច្ចុប្បន្ននេះ ក៏មានបញ្ហាមួយចំនួនរវាងព្រំដែនកម្ពុជា និងថៃផងដែរ តែផ្ទុយទៅវិញអ្នកមួយចំនួនមិនយក បញ្ហានេះមកជជែក និយាយគ្នា និងចោទរាជរដ្ឋាភិបាលទាល់តែសោះ។ តែបែរជាយកអ្វីដែលរដ្ឋាភិបាល ខិតខំធ្វើយ៉ាងត្រឹមត្រូវ ម៉ត់ចត់មកចោទប្រកាន់បែបនេះបែនោះទៅវិញ រហូតដល់ប្រើពាក្យ«ក្បត់ជាតិ» «កាត់ដីឲ្យវៀតណាម ឬលក់ដីឲ្យវៀតណាម ។ សម្តេចថា “ចំណុចនេះយើងត្រូវអន់ឱនឲ្យនោះទេ”។
សម្តេចបានលើកឡើងថា ចំពោះផែនទីខ្នាត ១/២៥០០០នេះ នឹងត្រូវពិចារណាយកទៅតម្កលនៅអង្គការ សហប្រជាជាតិ នៅពេលខាងមុខតែមិនទាន់ដឹងពេលណាទេ។ ប៉ុន្តែនៅពេលយកប្រគល់ឲ្យប្រើប្រាស់នេះដើម្បីបញ្ជាក់ថា នេះផែនទីប្រើប្រាស់នេះត្រឹមត្រូវ ដែលពីមុនមកមិនដែលមាននោះទេ ។
ចំណែក ការសេសសល់១៦ភាគរយមិនទាន់បោះ បង្គោលជាមួយភាគីវៀតណាមនោះ សម្តេច ទៀ បាញ់បានអះអាងថា កម្ពុជាចង់បោះឲ្យចប់ឆាប់ៗ ប៉ុន្តែចំណុចនេះ ត្រូវតែនិយាយជាមួយភាគីវៀតណាម មិនអាចធ្វើតែឯកឯងបាននោះទេ គឺត្រូវចរចាគ្នារហូតឯកភាពគ្នា។ ពោលគឺដូចអ្វីដែលចរចាត្រូវគ្នាចំនួន៨៤ភាគអីចឹង។
កម្ពុជាទទួលផែនទីព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃ៣ សីហា ក្រោមការដឹកនាំដោយ លោក វ៉ា គឹម ហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជា ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀត ណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ។
សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោក រួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕ ដោយ ស សំណាង