ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ស្នើកូរ៉េស្រាវជ្រាវ និងផលិតពូជពោត ដើម្បីធានាបរិមាណផ្គត់ផ្គង់ ឲ្យសេចក្តីត្រូវការ សម្រាប់ វិស័យផលិតកម្មចំណីសត្វ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈ លោក ផាក ហឺងខ្យង (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធា រណរដ្ឋកូរ៉េ បានស្នើឱ្យភាគីកូរ៉េ ធ្វើការស្រាវជ្រាវ និងផលិតពូជពោត បំណងបង្កើនផលិតភាព ផលិតកម្មពោតកម្ពុជា ដើម្បីធានាបរិមាណផ្គត់ផ្គង់ ឲ្យសេចក្តីត្រូវការសម្រាប់ វិស័យផលិតកម្មចំណីសត្វ។ នេះបើយោងតា មក្រសួងកសិកម្ម។

ការស្នើនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក ផាក ហឺងខ្យង (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធា រណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរ គុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ក្នុងរយ:ពេលកន្លងមក។ ជំនួយដ៏មានតម្លៃនេះ ពិតជាបានចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ដែលបានស្តែងចេញ ជាលទ្ធផលយ៉ាងជាក់ច្បាស់ ដូចយើងបានឃើញ នាពេលបច្ចុប្បន្ន។ ជាក់ស្តែងគម្រោងចំនួន ៣៦បាននិងកំពុងអនុវត្ត និងមួយចំនួនត្រូវបានបញ្ចប់ ការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកំពស់ ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំង នៅខេត្តមណ្ឌលគីរី ដែលសហការអនុវត្ត ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងបង្កាត់ពូជពោត នៅស្ថានីយបន្ទាយ ដែលសហការអនុវត្ត ដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែ នៅខេត្តមណ្ឌលគីរី អគារអន្តេវាសិកដ្ឋានថ្មី នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង។ល។

ដើម្បីរក្សានិរន្តរភាព នៃការអភិវឌ្ឍវិស័យកសិកម្ម លោករដ្ឋមន្ត្រីបានលើកសំណើ ជូនលោកឯកអគ្គរដ្ឋ ទូតពិនិត្យពិចារណា ដើម្បីធ្វើការគាំទ្រ លើការអភិវឌ្ឍ អនុវិស័យសំខាន់មួយចំនួនដូចជា៖ – ការស្រាវជ្រាវ និងផលិតពូជពោត បំណងបង្កើនផលិតភាព ផលិតកម្មពោតកម្ពុជា ដើម្បីធានាបរិមាណផ្គត់ផ្គង់ ឲ្យសេចក្តីត្រូវការសម្រាប់ វិស័យផលិតកម្មចំណីសត្វ – ការជំរុញផលិតកម្មដំឡូងបារាំង និងការផលិតពូជ ធានាបរិមាណ ផ្គត់ផ្គង់ កាត់បន្ថយការនាំចូល – អភិវឌ្ឍវារីវប្បកម្មទឹកសាប – ហេដ្ឋា រចនាសម្ព័ន្ធគាំទ្រលើផលិតកម្មបន្លែ (ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព) ដែលបច្ចុប្បន្នវិស័យនេះ កំពុងមាននិន្នាការ វិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស ស្របតាមការរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងសង្គម – ជួយរៀបចំបង្កើត ទីផ្សារបោះដុំកសិផល ជាពិសេសបន្លែនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលមានសក្តានុពល។ល។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានអនុញ្ញាត ឲ្យកសិផលកម្ពុជា នាំចេញទៅកាន់ទីផ្សារកូរ៉េចំនួន ១៨ប្រភេទ រួចមកហើយ រួមទាំងស្វាយកែវរមៀតស្រស់ផង ហើយនៅមាន ២មុខទៀត ដែលអគ្គនាយកដ្ឋានកសិកម្ម កំពុងដាក់ពាក្យស្នើសុំ។

លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថារដ្ឋា ភិបាលកូរ៉េ តាមរយ:លោកឯកអគ្គរដ្ឋទូត នឹងបន្តជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែមានការរីកចម្រើន ថែមទៀតនាពេលអនាគត។

បន្ទាប់ពីបានទទួលព័ត៌មាន ស្តីពីការអភិវឌ្ឍវិស័យកសិកម្ម និងសមិទ្ធផលសំខាន់ៗ ដែលភាគីទាំង ពីរសម្រេចនាពេលកន្លងមក លោកឯកអគ្គរដ្ឋទូត បានថ្លែងអំំណរគុណ ជូនចំពោះលោករដ្ឋមន្រ្តី និងសហការី ដែលបានផ្តល់កិច្ចសហការ បានយ៉ាងល្អប្រសើរ ក្នុងការអនុវត្តគម្រោង នានាទាក់ ទងការអភិវឌ្ឍវិស័យកសិកម្ម។ ជាក់ស្តែងគម្រោងអភិវឌ្ឍវិស័យព្រៃឈើ ផលិតកម្មដំណាំបន្លែ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ផលិតកម្មពូជ ការនាំចេញ ការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលកំពុងអនុវត្តទទួលបានលទ្ធផលជាផ្លែផ្កា ហើយសង្ឃឹមថាគម្រោងនេះ នឹងទទួលបានជោគ ជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់ កំណើនសេដ្ឋកិច្ច ដូច្នេះក្នុងអាណត្តិរបស់លោក នឹងបន្តសហការ និងគាំទ្រនូវរាល់សកម្ម ភាពគម្រោងនានា ដែលបាននិងកំពុងអនុវត្ត ឲ្យដំណើរការ ទៅដោយរលូន និងសម្រេចទទួលបានជោគជ័យ និងជាពិសេសពិនិត្យពិចារណា លើគម្រោងថ្មីៗដែលជួយដល់ ការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេស នឹងនាំយកនូវរាល់សំណើ របស់លោករដ្ឋមន្រ្តី ទៅពិនិត្យពិចារណាឲ្យ បានស៊ីជម្រៅ ដើម្បីផ្តល់ការគាំទ្រជាជំហានៗ តាមការចាំបាច់ ក្នុងបំណងចូលរួមអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើន សមស្របតាមបរិបទ នៃការប្រកួតប្រជែងទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។

សូមបញ្ជាក់ថា កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ ទីផ្សារកូរ៉េរួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ ៕

To Top