ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ លើការសាងសង់ បណ្តាញលូ នៅទូទាំងទីក្រុង ដើម្បីឱ្យបរិស្ថានស្អាត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ លើការសាងសង់បណ្តាញលូ នៅទូទាំងទីក្រុងដើម្បីចូលរួម ចំណែកធានា ឱ្យបាននូវបរិស្ថានស្អាត ទឹកស្អាត និងសុខភាព អនាម័យសាធារណៈ និងលើកកម្ពស់ ជីវភាពរស់របស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាព គម្រោងលើកកម្ពស់ ការផ្គត់ផ្គង់ទឹក ស្អាត និងអនាម័យក្រោមហិរញប្បទានឥណទានសម្បទាន របស់ធនាគារពិភពលោក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០លោក កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា “ដើម្បីធានាដល់ប្រយោជន៍ សុខភាពសាធារណៈ និងអនាម័យនៅក្នុងទីក្រុង និងដើម្បីបំពេញបន្ថែមលើការវិនិយោគដោយធនាគារអភិវឌ្ឍន៍អាស៊ីរាជរដ្ឋា ភិបាលកម្ពុជាបានស្នើសុំការគាំទ្រពីធនាគារពិភពលោក លើការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត ទឹកស្អាត និង សុខភាពអនាម័យសាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”។

លោកបន្ថែមថា ការអភិវឌ្ឍប្រកបដោយចីរភាពទាមទារ កិច្ចសហការរវាងរដ្ឋ និងឯកជន។ ហេតុនេះក្រសួងបាននិងបន្តស្វែងរកដៃគូ អភិវឌ្ឍន៍នានា ក្នុងការសាងសង់បណ្តាញលូ ស្ថានីយបូម និងស្ថានីយប្រព្រឹត្តិកម្មឱ្យបានគ្រប់ខេត្ត-រាជធានី។

លើសពីនេះទៀត លោកអនុរដ្ឋលេខាធិការ បានបន្តថា ដើម្បីអនុវត្តគម្រោងលើកកម្ពស់ទឹកស្អាត និងអនាម័យឱ្យមានប្រសិទ្ធភាព យើងត្រូវមានច្បាប់ និងបទដ្ឋានគតិយុត្តិជាមាគ៌ា ការចូលរួមពី បងប្អូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ ការបំផុសស្មារតីលើភាពម្ចាស់ការ ការពង្រឹង សមត្ថភាពប្រតិបត្តិករ ការបណ្ដុះបណ្ដាលនិងអប់រំប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំ ទូលាយផងដែរ។

ជាមួយគ្នានោះផងដែរ លោកអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ទីក្រុងស្អាត ប្រទេសមាន សណ្ដាប់ធ្នាប់អនាម័យល្អអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកទស្សនា និងដាក់ទុនបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ ឈានទៅ លើកកម្ពស់ជីវភាពរស់ឱ្យកាន់តែសម្បូរ សប្បាយថែមទៀត៕ដោយ អេង ប៊ូ ឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top