ព័ត៌មានជាតិ

អង្គការសង្គមស៊ីវិលជិត ៤០ បារម្ភចំពោះសេចក្តីព្រាងច្បាប់ ស្តីពី សណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ តំណាងក្រុមអង្គការសង្គមស៊ីវិល និងអង្គការ មិនមែនរដ្ឋាភិ បាលដែលធ្វើការដើម្បីលើកកម្ពស់ សិទ្ធិមនុស្សរបស់ស្រ្តី និងសមភាព យេនឌ័រនៅកម្ពុជា ចំនួន៣៦ បានព្រួយបារម្ភយ៉ាងខ្លាំង ចំពោះមាត្រាជាច្រើន នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី «សណ្តាប់ធ្នាប់សាធារណៈ» ។

ពួកគេអះអាងតាមរយៈ សេចក្តីថ្លែងការណ៍នៅថ្ងៃ២៧ សីហាថា “សេចក្តីព្រាងនេះ មិនត្រូវគ្នាជាមួយនឹងការតាំងចិត្តនានារបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងកិច្ចការលើកកម្ពស់សមភាពយេនឌ័រ និងអនុសញ្ញាស្តីពីការ លប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តី (ស៊ី-ដ)” ។

អង្គការទាំង៣៦បន្តថា ជាពិសេស សេចក្តីព្រាងច្បាប់នេះ ទំនងជាដាក់ទណ្ឌកម្មនូវ រាល់សកម្មភាពរបស់ស្រ្តី និងក្មេងស្រ្តីជាច្រើន រួមមានទាំងសកម្មភាពនានាដែលទាក់ទង ទៅនឹងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលស្រ្តីទាំងនោះ ពឹងអាស្រ័យដើម្បី ជីវភាពរស់នៅរបស់ពួកគេ ។

សេចក្ដីព្រាងច្បាប់ នេះបានចែងថា ស្ដ្រីត្រូវបានហាមឃាត់ ការស្លៀកពាក់ខ្លីពេក រហូតខើចលើខើចក្រោម ការស្លៀកពាក់ស្ដើងលេចកេរ្តិ៍ភេទ ឬការ ស្លៀកពាក់បង្ហាញផ្នែកខ្លះ នៃកេរ្តិ៍ភេទ បុរសមិនត្រូវដោះអាវខ្លួនទទេរ នៅទីសាធារណៈ ឬស្លៀកតែខោទ្រនាប់ដើម្បីបង្ហាញកេរ្តិ៍ខ្មាស ។

ក្នុងនោះក៏សកម្មភាព ហាមឃាត់នៅតាមទីសាធារណៈ ផ្សេងទៀតផងដែរ ដូចជាការរស់នៅ លើចិញ្ចើមផ្លូវការសុំទាន ការបង្ហូរចោលកាកសំណល់ នៅតាមទីសាធារណៈ ការបិទផ្សាយព័ត៌មាន ឬរូបភាពធ្វើឲ្យប៉ះពាល់ប្រពៃណី និងសាសនា។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានបញ្ចប់ការតាក់តែងបឋម នៃច្បាប់ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ ។ កាលពីខែមិថុនា បានបញ្ជូនទៅអាជ្ញាធរ ថ្នាក់ក្រោមជាតិនៅតាមបណ្ដាខេត្តទាំងអស់ ពិនិត្យ និងកែសម្រួលចុងក្រោយ មុនដាក់ជូនរាជរដ្ឋាភិបាល ។ ច្បាប់នេះមាន ៨ជំពូក និង ៤៨មាត្រា អាចនឹងត្រូវចូលជាធរមាន នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប្រសិនបើមានការយល់ព្រម និងអនុម័តដោយក្រសួងពាក់ព័ន្ធនានា និងរដ្ឋសភា ៕

To Top