ព័ត៌មានជាតិ

អគ្គលេខាធិការយូអិន​ ជំរុញឥណ្ឌា ឲ្យឈប់ប្រើធ្យូងថ្ម

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅសុក្រនេះ បានអំពាវនាវឲ្យប្រទេសឥណ្ឌា ឈប់ប្រើប្រាស់ធ្យូងថ្ម ជាប្រភពថាមពល ដោយនិយាយថា ឥណ្ឌាត្រូវតែឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ប្រសិនបើពិតជាចង់ក្លាយជា មហាអំណាចពិភពលោក។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្លែងថា ប្រទេសឥណ្ឌាចំបាច់ត្រូវតែ ឈប់កសាងរោងចក្រដុតធ្យូងថ្មថ្មី ណាមួយថែមទៀត បន្ទាប់ពីឆ្នាំ២០២០ និងចាប់ផ្តើមបញ្ឈប់វាបន្តិចម្តងៗ ហើយឥណ្ឌាស្ថិតនៅក្នុងឋានៈពិសេសមួយ ដើម្បីចំណេញផ្នែកសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំង បម្រែបម្រួលអាកាសធាតុ។

លោក Antonio Guterres បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការវិនិយោគក្នុងថាមពលកកើតថ្មី ការដឹកជញ្ជូនស្អាត ប្រសិទ្ធភាពថាមពល នៅក្នុងអំឡុងពេលប្រសើរឡើងវិញ ពីការរាតត្បាតឆ្លងមេរោគកូរ៉ូណានោះ អាចនឹងពង្រីកលទ្ធភាព ទទួលបានថាមពលអគ្គិសនី សម្រាប់មនុស្ស ២៧០លាននាក់ នៅទូទាំងពិភពលោក ដែលមនុស្ស១ភាគ៣ នាពេលបច្ចុប្បន្ននេះ នៅខ្វះខាតវា” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top