ព័ត៌មានជាតិ

ក្រុមការងារចល័តចុះឆ្មក់ និងឃាត់រថយន្តដឹក លើសទម្ងន់យក្សបាន ៧គ្រឿង នៅស្រុកកោះធំ

ភ្នំពេញ៖ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃ គណៈកម្មាធិការដឹកនាំ ត្រួតពិនិត្យយានយន្តលើស ទម្ងន់កម្រិតកំណត់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានឃាត់រថយន្តដឹកលើស ទម្ងន់នៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារ ឃាត់បានរថយន្តដឹកលើស ទម្ងន់យក្សចំនួន ៧គ្រឿង ដែលរថយន្តនីមួយៗមានទម្ងន់សរុបចាប់ពី ៧៧តោន ឡើងទៅ ដែលទម្ងន់អនុញ្ញាតឲ្យត្រឹមតែ ៤០តោនប៉ុណ្ណោះ។

រថយន្តទាំងនោះជាប្រភេទ រថយន្តសណ្តោងសឺម៉ីរម៉ក (V1) ដឹកគ្រាប់ពោតចេញពី ព្រំដែនកម្ពុជា-វៀតណាម ឆ្ពោះទៅប្រទេសថៃ ហើយរថយន្តទាំងនោះ ត្រូវបានរក្សាទុក និងដោះស្រាយដោយអនុលោម តាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។

ក្រសួងសាធារណការ អំពាវនាវដល់បងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបង្កមហន្តរាយធ្ងន់ធ្ងរ ដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ ៕

To Top