Covid-19

មន្ដ្រីក្រសួងទេសចរណ៍៖ ការជក់បារីអាចបង្កើន ឱកាសក្នុងការ ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការប្រើប្រាស់ផលិតផលថ្នាំជក់រួមគ្នា ដូចជាការបិទតាមបំពង់ខ្សៀ ដែលមានទឹកមាត់អាចចម្លង មេរោគវីរុសពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បាន។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។

ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី បរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ នៅទូទាំងប្រទេសកម្ពុជា នាពេលថ្មីៗនេះ លោក ហោ សារុន បានថ្លែងថាគោលបំណងនៃ កិច្ចប្រជុំគឺស្នើសុំការគាំទ្រជំរុញ អនុវត្តន៍ច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់នេះ ក្នុងលើកទឹកចិត្តប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជនវិស័យទេសចរណ៍ ឲ្យចូលរួមផ្សព្វផ្សាយបរិស្ថាន គ្មានផ្សែងបារីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំង ប្រជាពលរដ្ឋទូទៅក្នុងការលើកកម្ពស់ សុវត្ថិភាពសុខមាលភាព របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលថ្នាំជក់។

លោកបានថ្លែងបន្តថា បានអប់រំណែនាំពីផលប៉ះពាល់ នៃការជក់បារីដែលងាយរងគ្រោះ ក្នុងការទទួលជំងឺឆ្លងកូវីដ១៩ និងបានវាយតម្លៃដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្ត បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ និងជាពិសេសគ្រោង ជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារីក្នុងបំណាច់ឆ្នាំ ២០២១ ខាងមុខនេះ។

លោកបានថ្លែងបន្តថា ស្ថិតក្នុងបរិបទនៃការរីករាលដាល ចម្លងជំងឺវីរុសរលាកសួតប្រភេទថ្មីកូវីដ១៩ កម្ពុជាក៏ដូចជាតំបន់ និងពិភពលោកទាំងមូល បានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលក្នុងនោះវិស័យទេសចរណ៍ ក៏រងផលប៉ះពាល់ខ្លាំងជាងគេ។ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ បច្ចុប្បន្នក្រសួងទេសចរណ៍បាន ខិតខំប្រឹងប្រែងរៀបចំនូវ ប្រកាសស្ដីពីវិធានការ សុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មទាំង ៦ រួមមានវិធានសុវត្ថិភាព ទេសចរណ៍សម្រាប់ការស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការដឹកជញ្ជូនផ្លូវគោក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការដឹកជញ្ជូនផ្លូវទឹក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍មូលដ្ឋាន។

លោកបានបញ្ជាក់ថា លើសពីនេះទៀតយើងត្រូវ ប្រកាន់យកការរស់នៅតាមទម្លាប់ថ្មីដែល ប្រជាពលរដ្ឋយើងត្រូវចេះ លាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ អាកុល ឬជែលលាងដៃ ពាក់ម៉ាកឬក្រមា ឈរឬអង្គុយឃ្លាតគ្នាតាម ការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងគម្លាតសុវត្ថិភាពសង្គម ហើយជាពិសេសទៀត ត្រូវចូលរួមកត់ឈ្មោះដើម្បី ជាការងាយស្រួលក្នុងការតាមដាន ករណីដែលមានបញ្ហាកើតឡើង ៕

To Top