ព័ត៌មានជាតិ

ក្រុមប្រឹក្សា ភិបាល ប.ស.ស. បើកកិច្ចប្រជុំ លើកទី១ របស់ខ្លួនទៅតាម កម្មវិធីគ្រោងទុក

ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះបានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំលើកទី១ របស់ខ្លួន តាមកម្មវិធី ដែលបានគ្រោងទុក បន្ទាប់ពីបានប្រកាស សមាសភាព ក្រុមប្រឹក្សាភិបាល ប.ស.ស. អាណត្តិទី១ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ កន្លងមកនេះ ។

កិច្ចប្រជុំ របស់ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១នេះ មានរបៀបវារៈដូចខាងក្រោម៖
១. ត្រួតពិនិត្យលើសេចក្តី ព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃបេឡាជាតិសន្តិសុខសង្គម និងបទបញ្ជាផ្ទៃក្នុងរបស់បេឡាជាតិ សន្តិសុខសង្គម
២. សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីបែបបទ និងនីតិវិធី នៃការប្រជុំ របស់ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.)
៣. ផ្សេងៗ ។

គួររំលឹកថា ប.ស.ស. ត្រូវបានបង្កើតឡើងដំបូង ដោយអនុក្រឹត្យលេខ ១៦ អនក្រ/ប្រក ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ២០០៧ មានឈ្មោះថា បេឡាជាតិ របបសន្តិសុខសង្គម ដែលដឹកនាំ ដោយក្រុមប្រឹក្សាភិបាល ចំនួន ៩រូប ហើយកន្លងទៅថ្មីៗនេះ អង្គភាពនេះត្រូវ បានបានប្តូរឈ្មោះ ទៅជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដឹកនាំ ដោយក្រុមប្រឹក្សាភិបាល ចំនួន ១១រូប ជាមួយនឹងច្បាប់ ស្តីពីរបបសន្តិសុខសង្គមថ្មី បានអនុម័តឱ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានវិសាល ភាពគ្រប់ដណ្តប់ លើផ្នែកចំនួន៤ រួមមាន៖

  • ផ្នែកប្រាក់សោធន
  • ផ្នែកថែទាំសុខភាព
  • ផ្នែកហានិភ័យការងារ
  • ផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គល ដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា ខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល នៃទីស្នាក់ការកណ្តាល បេឡាជាតិ សន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមាន អញ្ជើញចូលរួម ពីសំណាក់ សមាជិកនៃក្រុមប្រឹក្សាភិបាល ចំនួន ១១រូប ៕

To Top