Covid-19

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំអាជ្ញាធរាជធានី-ខេត្ត រៀបចំវត្តឲ្យមានរបៀប ក្នុងឱកាសភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់កូវីដ-១៩

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យ អភិបាលរាជធានី-ខេត្ត និងភាគី ពាក់ត្រូវរៀបចំវត្តអារ៉ាម ឲ្យមានរបៀបរៀបរយ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំនាពេលខាងមុខដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា “អាជ្ញាធរ រាជធានី -ខេត្ត គណៈបញ្ជាការឯកភាពឃុំ-សង្កាត់-ខណ្ឌ ណៈកម្មាការ ថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ត្រូវរៀបចំឲ្យមាន របៀបរៀបរយ ក្នុងទីវត្តអារ៉ាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឲ្យមាន ការអនុវត្តវិធានការសុខាភិបាល”។

លោកបន្ដថា ភាគីពាក់ត្រូវបង្កើន សកម្មភាពត្រួតពិនិត្យ តាមដានលើពុទ្ធបរិស័ទ ចេញ-ចូល ទីវត្តអារ៉ាម វិហារ សាលាឆាន់ និងកុដិនីមួយៗឲ្យបានហ្មត់ចត់ ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្ត កិច្ចការពារខ្លួនកុំឲ្យកើត ជំងឺកូវីដ-១៩។

ស្របពេលជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានសរសេរ នៅលើបណ្ដាញសង្គេមហ្វេសប៊ុកថា ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានគ្រប់គ្នាជាពិសេស ហើយការពារខ្លួនចៀសផុតពីជំងឺឆ្លង កូវីដ-១៩ ។ ក្នុងនោះត្រូវស្តាប់តាមការណែនាំ របស់ក្រសួងសុខា ភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃ ជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល សម្លាប់មេរោគឲ្យបានជាប្រចាំ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៦៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋចំនួន ៨នាក់ ៕

ដោយ អេង ប៊ូឆេង

To Top
×