ព័ត៌មានជាតិ

ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ ស្ថានភាពបរិស្ថានជាតិ ត្រូវពឹងផ្អែកលើធាតុចូល ដើម្បីជាមូលដ្ឋានគ្រឹះ

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ ស្ថានភាពបរិស្ថានជាតិលើកទី៤ ត្រូវពឹងផ្អែកលើការផ្តល់ធាតុចូល ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់គាំទ្រដល់ជំពូកនីមួយៗ នៃរបាយការណ៍។

ក្នុងពិធីពិគ្រោះយោបល់លើ សេចក្តីព្រាងរបាយការណ៍ស្ថានភាព បរិស្ថានជាតិលើកទី៤ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក នេត្រ ភក្រ្តាបានថ្លែងថា បរិស្ថាន គឺជាការងារពហុវិស័យ និង ពហុជំនាញ ដែលក្នុងន័យនេះតម្រូវឱ្យមាន ការចូលរួមផ្តល់គំនិតយោបល់មតិ ក៏ដូចជាការចែករំលែកទិន្នន័យ ព័ត៌មានគ្នាសម្រាប់ការកសាង របាយការណ៍ស្ថានភាពបរិស្ថានជាតិ។

លោកបន្តថា ការកសាងរបាយការណ៍ ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រង ប្រមូលផ្តុំនូវឯកសារ ទិន្នន័យគោល និងព័ត៌មានបែបវិទ្យាសាស្រ្តអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នករៀបចំគោលនយោបាយ អ្នកធ្វើផែនការ អ្នកគ្រប់គ្រង អ្នកសិក្សាស្រាវជ្រាវ វិនិយោគិន អង្គការជាតិ និងអន្តរជាតិ។ល។

លោកឲ្យដឹងទៀតថា “ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ ស្ថានភាពបរិស្ថានជាតិលើកទី៤នេះ ត្រូវពឹងផ្អែកលើការផ្តល់ធាតុចូល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ គាំទ្រដល់ជំពូកនីមួយៗនៃរបាយការណ៍។ ក្នុងន័យនេះ ស្ថិតិ ទិន្នន័យ និងព័ត៌មាន គឺជាធាតុចូល
ដែលដើរតួនាទីសំខាន់ គឺជាឆ្អឹងខ្នងនៃរបាយការណ៍”។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការរាយការណ៍អំពីស្ថានភាពបរិស្ថាន គឺជានិន្នាការ ការវាយតម្លៃ ឬសេចក្តីសន្និដ្ឋាន អាចមានលក្ខណៈកាន់តែសុក្រឹត្យទៅបាន ល្គឹកណា ធាតុចូលដែលផ្តល់ឱ្យដោយ សិក្ខាកាមយើងទាំងអស់ មានលក្ខណៈសម្បូរបែប មានតាមលំដាប់លំដោយពេលវេលា និងមានលក្ខណៈពិតជាក់ស្តែង។ល។

ជាមួយគ្នានោះលោកបញ្ជាក់ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តប្រកបដោយ ប្រសិទ្ធភាពខ្ពស់លើគោលនយោបាយ បរិស្ថាន និងធនធានធម្មជាតិ ដោយក្នុងនោះមានសសរស្តម្ភទាំង៤ រួមមាន៖កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានរៀបចំរបាយការណ៍ ស្ថានភាពបរិស្ថានជាតិ និងបានអនុវត្តការងារនេះចំនួន ៣លើករួចមកហើយ៕

ដោយ៖ ធី លីថូ

To Top