ព័ត៌មានជាតិ

គ្រប់គ្នាសុទ្ធតែសម្តែង ការសោកស្តាយ ចំពោះការឆេះផ្សារណាត់ តើបងប្អូនដឹងទេថា ផ្សារនេះមានប្រវត្តិយ៉ាងម៉េចខ្លះ?

ភ្នំពេញ៖ គ្រប់គ្នាសុទ្ធតែសម្តែងការ សោកស្តាយចំពោះ ការឆេះផ្សារណាត់កាលពីពេលថ្មីៗនេះ ប៉ុន្តែតើបងប្អូនដឹងទេថា ផ្សារណាត់នេះមាន ប្រវត្តិយ៉ាងម៉េចខ្លះ?

ឆ្លៀតពេលមិនទាន់ចូលនិទ្រ្ទា តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន លោក ម៉ៅ វុត្ថា (Mao Vutha) បានចែករំលែកជូនពីដំណើរ ដើមទងប្រវត្តិរបស់ផ្សារណាត់ដូចតទៅ៖

ផ្សារណាត់ខេត្តបាត់ដំបង មិនត្រឹមតែជាសំណង់បែប បេតិកភណ្ឌប្រវត្តិសាស្រ្ត របស់ខេត្តបាត់ដំបងតែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថា ជាអលង្ការមួយនៃ ស្ថាបត្យកម្មបែបឥណ្ឌូចិន។ រចនាបទ និងស្ទីលរបស់សំណង់នេះ គឺមានកំណើតមកពីសាលាវិចិត្រសិល្បៈ ក្រុងហាណូយដែលត្រូវបាន បង្កើតឡើងដោយស្ថាបត្យករ អឺណែស ហេប្រាដ (Ernest Hebrard) នៅក្នុងឆ្នាំ ១៩២១ នៅពេលដែលលោកចូលកាន់តំណែង ជាប្រធាននាយកដ្ឋាន ស្ថាបត្យកម្ម និងអភិវឌ្ឍទីក្រុងនៅឥណ្ឌូចិន។

លោកអឺណែសបានបង្កើត រចនាបថ ស្ថាបត្យកម្មមួយថ្មីដែល មិនយកតាមលំនាំបែបបុរាណ នៅក្នុងតំបន់ដែលលោកហៅថា លំនាំអង្គរ ប៉ុន្តែសម្របទៅតាមអាកាសធាតុ និងបរិយាកាស ក្នុងតំបន់។ លក្ខណៈពិសេសនៃ សំណង់ស្ថាបត្យកម្មរបស់ លោកគឺ ប្រកប ទៅដោយសោភណ៌ភាព ដោយដំបូលមានលក្ខណៈ ងាយស្រួលដល់ដំណើរ និងបម្លាស់ទីនៃខ្យល់ ហើយមានបាំងសាច រួមទាំងជញ្ជាំង មានគម្រប ជាពិសេសមានទីធ្លានៅកណ្តាល សម្រាប់ពហុបំណងផ្សេងៗ។

ចំនុចពិសេសមួយទៀត គឺសំណង់ស្ថាតប្យកម្មតាមបែបឥណ្ឌូចិន នៃសាលាហាណូយនេះគឺ មិនមែនជាលក្ខណៈបែបសិល្បៈដេកូ (Art Deco) ដែលភាគ ច្រើនតែងតែមានទម្រង់ជាប៉មទៀតទេ។ នៅក្នុងតំបន់ឥណ្ឌូចិននេះសំណង់ ស្ថាបត្យកម្ម តាមបែបរចនាបទឥណ្ឌូចិន សាលាក្រុងហាណូយរួមមាន៖

សំណង់ផ្សារតាន់ឌីញ នៅក្រុងហូជីមីញ (1927) សំណង់ផ្សារធំកំពង់ចាម និងផ្សារជូឡុងនៅក្រុងហូជីមីញ(1929) និងជាពិសេសផ្សារណាត់បាត់ដំបង!

សម្រាប់ផ្សារណាត់បាត់ដំបង ត្រូវបានផ្តួចផ្តើមសាងសង់ ដោយនាយកដ្ឋានកិច្ចការ សាធារណៈរបស់អាណានិគមបារាំង ក្នុងឆ្នាំ១៩៣០ ហើយដែល កាលដំបូងឡើយប្រើប្រាស់ ជាទីផ្សារដោះដូរក្រណាត់។

ចាប់ផ្តើមតាំងពី សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៣០ មកដល់បច្ចុប្បន្ន ផ្សារណាត់ មានឈ្មោះជាបន្តបន្ទាប់ដូចតទៅ៖ សម័យអាណានិគមបារាំង ហៅថាផ្សារក្រណាត់ សម័យសង្គមរាស្រ្តនិយម ហៅថាផ្សារធំសម័យ សាធារណៈរដ្ឋលន់ណុល ហៅថាផ្សារស្វាយប៉ោសម័យប៉ុល ពត ជាឃ្លាំងដាក់ទំនិញ និងគ្រឿងសង្ហារិមសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា ជាឃ្លាំងដាក់អំបិល និងអាហារឆ្នាំ១៩៨៩ រដ្ឋបាលបានរៀបចំជាផ្សារណាត់ សម្រាប់លក់ផលិតផលកសិកម្មបច្ចុប្បន្ន ហៅថាផ្សារធំបាត់ដំបង ប៉ុន្តែជាទូទៅហៅថាជាផ្សារណាត់ ៕

To Top