ព័ត៌មានជាតិ

ពលរដ្ឋ ៦គ្រួសារ ដែលជាម្ចាស់ស៊ងចិញ្ចឹមត្រី លើផ្ទៃបឹងសំរោង ឈ្នះក្ដីនៅសាលាឧទ្ធរណ៍

ភ្នំពេញ៖ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឲ្យប្រជាពលរដ្ឋចំនួន ៦គ្រួសារ ដែលតំណាងដោយឈ្មោះចេង សុណាត , ឈូក សារ៉ុម , ម៉េង កៅ , លី គឹមហួ , លី សម្បត្តិនិង លី យ៉ាវឈ្នះក្ដីលើក្រុមហ៊ុន ឡាយ ងី ដែលបានធ្វើរបង និងចាក់ដីប៉ះពាល់ទៅលើស៊ងចិញ្ចឹមត្រី របស់ក្រុមប្រជាពលរដ្ឋខាងលើ។

យោងតាមលិខិតរបស់លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២០ ប្រាប់ទៅកាន់លោក ឈិត បូរ៉ាវុធ ជាមេធាវីតំណាងដោយអាណត្តិឈ្មោះ ឡាយ ម៉េងស៊ុន និងឈ្មោះឡាយ ហៀង បានឲ្យដឹងថា “អំពីបណ្ដឹងតវ៉ារបស់ លោកប្ដឹងនិងតម្កល់រឿងទុក ឥតចាត់ការលេខ ១៣៦ អ.យ.ញ ចុះថ្ងៃទី១៧ -០១-២០១៩នៃសំណុំរឿងព្រហ្មទណ្ឌលេខ២៦២៩ ចុះថ្ងៃទី ០៤ -០៥ -២០១៨ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញពីដំណើររឿង រំលោភលើដីកម្មសិទ្ធិឯកជននោះ យើងបានតម្កល់សេចក្ដីសម្រេច របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ដោយសេចក្ដីសម្រេចនេះ មានលក្ខណៈត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់ហើយ តាមសេចក្ដីសម្រេចរបស់យើង លេខ៣៥៦….សត.ប្រក.០២០ចុះថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២០”។

ពាក់ព័ន្ធករណីនេះផងដែរ ក្រសួងមហាផ្ទៃបានចេញលិខិត មួយច្បាប់បញ្ជាឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះដោះស្រាយករណីសំណើរ សុំអន្តរាគមន៍កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃបឹងសំរោងទំហំ ៧,៤ ហិកតា ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វិធានការរបស់ក្រសួងមហាផ្ទៃ ធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលមានឈ្មោះចេង សុណាត , ឈូក សារ៉ុម , ម៉េង កៅ , លី គឹមហួ , លី សម្បត្តិនិង លី យ៉ាវ កាលពីថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០២០កន្លងទៅនេះបានធ្វើលិខិតជូន មកក្រសួងមហាផ្ទៃស្នើសុំ អន្តរាគមន៍ដើម្បីកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល លើផ្ទៃបឹងសំរោងទំហំ ៧,៤ ហិកតា ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទាំង៦ គ្រួសារ បានអះអាងថា ពួកគាត់បានចិញ្ចឹមត្រីចំនួន១៤ស៊ង ស្មើនឹង១៤ទីតាំងចិញ្ចឹមត្រីដោយ មានលិខិតអនុញ្ញាតធ្វើវារីវប្បកម្មរបស់ រដ្ឋបាល ជលផលនិងបានកាន់កាប់ប្រើប្រាស់ អាស្រ័យផលតាំងពីឆ្នាំ ១៩៩៤រហូតមកដល់បច្ចុប្បន្ន។

ក្រោយមកក្រុមហ៊ុន ឡាយ ងី តំណាងដោយ ឈ្មោះ ចេន ហ្ស៊ី បានធ្វើសកម្មភាពចាក់ដីបំពេញ និងធ្វើរបងដោយសំអាងថា បានទទួលលិខិតអនុញ្ញាត របស់រដ្ឋបាលរាជធានីភ្នំពេញឲ្យ ចាក់បំពេញដីទំហំ១១៥.៦៦៤ ម៉ែត្រការ៉េ លើទីតាំងដូចមានក្នុងប័ណ្ណកម្ម សម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព.៧១០០២ , ភព.៧១០០៥ , ភព.៧១០០៧ , ភព.៧១០១១ , ភព.៧១០១២, ភព.៣៥.៨១០ , និងភព.៣៥៨១១ ដែលប័ណ្ណកម្មសិទ្ធិកាន់កាប់ទាំងនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ស្ថិតនៅក្នុងផ្ទៃបឹងសំរោង ដែលត្រូវគ្រប់គ្រង និងការពារដោយច្បាប់ស្ដីពីជលផល និងច្បាប់ភូមិបាល។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០២០ បានសង្កត់ធ្ងន់ថា ” ដោយពិនិត្យឃើញថា សំណើខាងលើស្ថិតនៅក្រោមសមត្ថកិច្ច របស់រដ្ឋបាលរាជធានីភ្នំពេញ ហេតុនេះក្រសួង មហាផ្ទៃសូមបង្វែរករណីនេះជូន ឯកឧត្តម ពិនិត្យ និងដោះស្រាយស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានចែងជាធរមានរួច ធ្វើរបាយការណ៍អំពីលទ្ធផល សម្រេចបានជូនមក ក្រសួងមហាផ្ទៃកុំបីអាន”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញ អនុក្រឹត្យលេខ ៦៥ អន ក្រ បក ចុះ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៨ កំណត់ដាក់ផ្ទៃបឹងសំរោង ស្ថិតក្នុងឃុំសំរោង ស្រុកពញាឮ ( ពីមុន ) ខេត្តកណ្តាល បច្ចុប្បន្ន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាសម្បត្តិសាធារណៈ របស់រដ្ឋមានផ្ទៃសរុបចំនួន ៣៣៦ហិកតា៕

To Top