ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋក្នុងកំឡុងពេលបុណ្យភ្ជុំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេល បុណ្យភ្ជុំបិណ្ឌ ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គម្វេសប៊ុក នៅថ្ងៃទី៣ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃទី៣ ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

សម្ដេចតេជោបញ្ជាក់ថា «ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុង ពេលបុណ្យភ្ជុំនេះ» ។

សម្ដេចតេជោ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធី ដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាត សាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាល នៅឡើយទេ។

សម្ដេច ក៏បានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top