ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជំរុញមន្ដ្រីក្រោមឱវាទ បន្ដប្រកាន់ខ្ជាប់ពាក្យស្លោក «ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និងធ្វើឲ្យមានតម្លាភាព»

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យមន្ត្រីក្រោមឱវាទ បន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួង ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក «ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និងធ្វើឲ្យមានតម្លាភាព» ដើម្បីផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ មានប្រសិទ្ធភាព។

ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «មន្ត្រីក្រោមឱវាទត្រូវបន្តអនុវត្ត ការកែទម្រង់ស៊ីជម្រៅរបស់ក្រសួង តាមរយៈការពង្រឹង និងកែលម្អការផ្ដល់សេវាសាធារណៈ គ្រប់ប្រភេទឲ្យកាន់តែប្រសើរថែមទៀត ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវពាក្យស្លោក ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និងធ្វើឲ្យមានតម្លាភាព ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។

លោកបន្ដថា «ព្រមទាំងបន្តអនុវត្តច្បាប់ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ការដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ (បើខ្វះរថយន្តឆៀកចល័តត្រូវស្នើសុំ) គ្រប់គ្រងយានដ្ឋានជួសជុលកែច្នៃរថយន្ត និងការកែច្នៃយានយន្តខុស ពីលក្ខណៈបច្ចេកទេស ឱ្យបានជាដាច់ខាត»។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីសារធារណការ ក៏បានគូសបញ្ជាក់ អំពីគោលការណ៍សាងសង់ផ្លូវឲ្យបាន រឹងមាំ ប្រើប្រាស់ជាប់បានយូរ ពោលគឺមិនមែនធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងឡើយ ៕

ដោយ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top