ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រៀបចំព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

ភ្នំពេញ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការបង្កើតព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដើម្បីលើកកម្ពស់ការយល់ដឹង ពីបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិនៅទីនោះ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក សៅ សុភាព មានប្រសាសន៍ថា « ភ្នំគូលែនគឺជាទីកន្លែងមួយ ដែលមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប៉ុន្តែក៏មានបញ្ហាប្រឈមផ្សេងៗ ពីការបំពុលបរិស្ថានផងដែរ ប៉ុន្តែត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ។ អ្វីដែលពិសេសនៅក្នុងព្រឹត្តិការណ៍ រត់ប្រណាំងនោះលើភ្នំគូលែន ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ គឺមិនមានឱ្យប្រើប្រាស់នូវសំណល់ប្លាស្ទិក ឬជាសំបកដបទឹកនោះឡើយ ទាំងនេះជាការចូលរួមក្នុង ការថែរក្សាអនាម័យបរិស្ថាន និងការបំពុលដោយប្លាស្ទិក»។

លោកបន្ដថា ជាមួយនឹងព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថានក៏បានបង្កើតឱ្យមាន ការដាំកូនឈើចំពោះអ្នក ដែលបានចូលរួមទាំងអស់ ដែលជាការបង្ហាញពីសកម្មភាព រួមចំណែកក្នុងការដាំស្តារឡើងវិញ នៅតំបន់មួយចំនួនលើភ្នំគូលែន ដែលមានការរិចរិល និងបានបង្ហាញពីការយកចិត្តទុកដាក់ មួយយ៉ាងសំខាន់លើការ គ្រប់គ្រងការពារគម្របព្រៃ ដើម្បីឱ្យតំបន់មួយចំនួនដែលខូចខាត និងល្អប្រសើរវិញនៅថ្ងៃអនាគត ។

ព្រឹត្តិការណ៍រត់ប្រណាំងនេះ ក៏ជាការផ្តល់ឱកាសដល់ ប្រជាសហគមន៍នៅលើភ្នំគូលែន ចូលរួមក្នុងការផ្តល់សេវាកម្មផ្សេងៗ ជាការផ្គត់ផ្គង់លើផ្នែកចំណីអាហារ ដើម្បីទទួលបានជាប្រាក់ចំណូល សម្រាប់ជីវភាពដល់ពួកគាត់ថែមទៀតផង ក្នុងន័យលើកកម្ពស់សកម្មភាព ទេសចរណ៍ធម្មជាតិ និងវប្បធម៌លើភ្នំគូលែន ។

សូមបញ្ជាក់ថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ បច្ចុប្បត្រូវបានការពារ និងអភិរក្សដោយច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ។ ភ្នំគូលែនមានវិសាលភាព ៣៧៣៧៥ហិចតា ដោយគ្រប់ដណ្តប់លើស្រុកចំនួន ៤ក្នុងខេត្តសៀមរាប គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកវ៉ារិន្ទ និងស្រុកសូត្រនិគម ។ មិនតែប៉ុណ្ណោះ ភ្នំគូលែនគឺជាតំបន់ផ្តល់នូវ ប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដង ស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម ដូច្នេះយើងត្រូវតែការពារ និងអភិរក្សធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅរបស់យើងទាំងអស់គ្នា ៕

To Top