ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុម័តលើ “សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ”។
មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឲ្យរាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទាន ទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជនសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
នៅឆ្នាំ១៩៩៣ ដែលជាឆ្នាំដំបូងនៃការចាប់ផ្តើម ខ្ចីឥទានសម្បទានពីដៃគូ អភិវឌ្ឍន៍ក្រៅប្រទេសមក ការគ្រប់គ្រងបំណុលសាធារណៈ របស់រាជរដ្ឋាភិបាល គឺមានភាពប្រយ័ត្នប្រយែងច្បាស់លាស់ និងម៉ត់ចត់ ដោយផ្អែកលើគោលការណ៍គន្លឹះ មានចំនួន៤៖
- ខ្ចីឥណទានក្នុងទំហំ សមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
- ខ្ចីតែឥណទានដែល មានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
- ខ្ចីសម្រាប់វិស័យអាទិភាព ទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
- ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។
សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋ(ថ្មី)នេះ ជាមូលដ្ឋានគតិ យុត្តគ្រប់ជ្រុងជ្រោយមួយ និងស្របតាមតម្រូវការនៃតថភាពជាក់ស្ដែង ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធ ដែលមានជាធរមាន សម្រាប់អនុញ្ញាតប្រើប្រាស់ឧបករណ៍ ហិរញ្ញវត្ថុជាមូលបត្ររដ្ឋនេះ ក្នុងការកៀរគរហិរញ្ញប្បទាន បន្ថែមពីវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់ ឆ្លើយតបបានទៅនឹងតម្រូវការ ហិរញ្ញប្បទានសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីព្រាងច្បាប់ថ្មីនេះ បានធ្វើការកែសម្រួលនូវ យន្តការពាក់ព័ន្ធនឹង ការបោះផ្សាយនិងការជួយដូរ មូលបត្ររដ្ឋដែលត្រូវកំណត់ ដោយប្រកាសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមករណីជាក់ស្ដែងនីមួយៗ ដោយមិនតម្រូវកំណត់អនុក្រឹត្យនោះទេ ដោយហេតុថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ឆ្នាំ២០០៨) បានប្រគល់សិទ្ធិ និងអំណាច លើការគ្រប់គ្រងចំណូល-ចំណាយសាធារណៈ និងការបោះផ្សាយមូលបត្ររដ្ឋនេះ ហើយការចេញត្រឹមប្រកាស ក្រោយពីបានគោលការណ៍ ដើម្បីកំណត់ពីយន្តការជាក់ស្ដែងនានា៕